(ភ្នំពេញ)៖ អាចនិយាយបានថា ជាមោទនភាពថ្មីមួយទៀត សម្រាប់វិស័យចម្រៀងរបស់កម្ពុជា ដែលបទចម្រៀង

«Time To Rise» បកស្រាយដោយតារាចម្រៀងរ៉េបបែបយុវវ័យ លោក វណ្ណដា ជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ទទួលបានចំណាត់ថ្នាក់កំពូល ឈរនៅលេខរៀងទី១ ក្នុងចំណោមបទចម្រៀង Hip-Hop ទាំង១០នៅអាស៉ីសម្រាប់ឆ្នាំ២០២១ ប្រចាំ LiFTED Lists។

LiFTED ត្រូវបានគេដឹងថា គឺជាគេហទំព័រអន្តរជាតិមួយ ដែលផ្ដោតជាសំខាន់ទៅលើបទចម្រៀង Hip-Hop នៅតំបន់អាស៉ី ព្រមទាំងបានចេញផ្សាយអត្ថបទទាក់ទងនឹងបទចម្រៀង Hip-Hop នៅក្នុងប្រទេសអាស៊ី ចំនួន ២០ នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២១នេះ។ ដោយឡែកសម្រាប់ចុងឆ្នាំ២០២១នេះ គេហទំព័រ LiFTED បានធ្វើការកំណត់ជ្រើសយកបទចម្រៀង Hip-Hop ដែលមានឥទ្ធិពល និងប្រជាប្រិយភាពខ្លាំងទាំង១០ ដែលល្អដាច់គេនៅអាស៉ី ដើម្បីប្រកាសបង្ហាញអ្នកគាំទ្រ ក្នុងចំណោមនោះ អ្វីដែល កាន់តែអស្ចារ្យជាលទ្ធផលបទ «TIME TO RISE» របស់ វណ្ណដា មានសមត្ថភាពខ្ពស់ រហូតជាប់តំណែងទី១ ជាបទល្អដាច់គេប្រចាំឆ្នាំ លើគេហទំព័រមួយនេះតែម្តង។

បន្ថែមពីការផ្តល់ចំណាត់ថ្នាក់លេខ១ សម្រាប់បទចម្រៀងរបស់កម្ពុជាពេលនេះ LiFTED ក៏បានលើកបង្ហាញពីមូលហេតុដែលនាំឲ្យបទនេះ ទទួលបានភាជោគជ័យខ្លាំងដែរ។

ហេតុផលចម្បង គឺដោយសារព្រឹទ្ធាចារ្យ គង់ ណៃ។ ទឹកចិត្តចេញពីការគោរពរបស់ វណ្ណដា ចំពោះភាពរុងរឿងនៃសិល្បៈពីដើម ពិសេសចាប៉ីដងវែង ហើយបានតុបតែងខ្លួនបែបបុរាណគួរជាទីចាប់អារម្មណ៍។ ក្នុងបទនេះ វណ្ណដា ចង់រំលេចថា ទោះបីសម័យកាលមានការប្រែប្រួល សិល្បៈមានការអភិវឌ្ឍ ក៏កូនខ្មែរជំនាន់ក្រោយមិនអាចបំភ្លេចសិល្បៈបុរាណបានដែរ។

គួរជម្រាបថា ក្រៅពីបទចម្រៀងរបស់កម្ពុជាជាប់លេខ១ នៅមានចម្រៀងចំនួន០៩ បទផ្សេងទៀតប្រចាំតំបន់អាស៉ី ដែលជាប់ចំណាត់ថ្នាក់ រួមមាន៖

លេខ២៖ ជប៉ុន-បទ «WAVEBODY» របស់ JP THE WAVY FEATURING OZWORLD, LEX & ¥ELLOW BUCKS
លេខ៣៖ ឥណ្ឌា-បទ «PAAPI» របស់ PRABH DEEP
លេខ៤៖ ហុងកុង-បទ «LIGHTER» របស់ JB
លេខ៥៖ ឥណ្ឌូនេស៊ី -បទ «I’M UGLY» របស់ RAMENGVRL
លេខ៦៖ វៀតណាម-បទ «TRỐN TÌM» របស់ ĐEN FEATURING MTV BAND
លេខ៧៖ តៃវ៉ាន់-បទ «FATBOYGANG» របស់ 大淵MUTA
លេខ៨៖ ជប៉ុន-បទ «WHAT HAPPENED» របស់ MIYACHI
លេខ៩៖ ចិន-បទ «BUT I STILL LOVE YOU» របស់ BOHAN PHOENIX
លេខ១០៖ ថៃ-បទ «YELLOW FEVER» របស់ PYRA FEATURING RAMENGVRL & YAYOI DAIMON៕