(ភ្នំពេញ)៖ ការប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាំតិ ឆ្នាំ២០២១ បានបើកការប្រកួតហើយ នៅថ្ងៃទី១០ ខែធ្នូនេះ ដែលរៀបចំនៅខេត្តកែប ស្របពេលក្រុមកីឡាករ-កីឡាការិនីក្រសួងមហាផ្ទៃ បានគ្រងជើងឯកទាំងបុរស-នារីលើវិញ្ញាសាឌូអាត្លុង។
លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ព្រឹត្តិការណ៍ថ្នាក់ជាតិប្រចាំឆ្នាំនេះ នឹងធ្វើការប្រកួតរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១០-១២ ខែធ្នូ ខណៈថ្ងៃដំបូងនេះ បានបញ្ចប់ការប្រកួតវិញ្ញាសាឌូអាត្លុងបុរស-នារី មានន័យថា រត់ ៥គីឡូម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ ២.៥គីឡូម៉ែត្រ ដោយផ្នែកបុរស មានកីឡាករ ១៨រូបចូលរួម និងផ្នែកនារី មានកីឡាការិនី ៧រូបចូលរួម។
ជាលទ្ធផលនៃការប្រកួតនេះ សម្រាប់វិញ្ញាសាបុរស ចំណាត់ថ្នាក់លេខ១ កីឡាករ កាំង ធឿន និងលេខ២ កីឡាករ នាង ពេជ្រពិសិដ្ឋ មកពីក្លិបក្រសួងមហាផ្ទៃដូចគ្នា ខណៈលេខ៣ បានទៅកីឡាករក្លិបក្រសួងការពារជាតិ ថៃ ធុច ។ រីឯផ្នែកនារី លេខ១ កីឡាការិនី អ៊ួន ច័ន្ទភត្រា និងលេខ២ កីឡាការិនី ថន សុម៉ាវត្តី មកពីក្លិបក្រសួងមហាផ្ទៃដូចគ្នា ខណៈលេខ៣ បានទៅកីឡាការិនី ហ៊ោ ធីតា មកពីក្លិបក្រសួងការពារជាតិ។
ចំពោះវិញ្ញាសា ២ទៀតនឹងត្រូវប្រកួតនៅថ្ងៃបន្ដបន្ទាប់ រួមមានវិញ្ញាសាអាគ័រត្លុង (ហែលទឹក ៣៥០ម៉ែត្រ និងរត់ ២.៥គីឡូម៉ែត្រ) និងវិញ្ញាសាទ្រីយ៉ាត្លុង (ហែលទឹក ៧៥០ម៉ែត្រ ជិះកង់ ២០គីឡូម៉ែត្រ និងរត់ ៥គីឡូម៉ែត្រ)។ ការប្រកួតនេះ នឹងបន្ដធ្វើនៅតំបន់ឆ្នេរ និងទីរួមខេត្តកែបដដែល ដែលជាទីតាំងត្រៀមទទួលធ្វើម្ចាស់ផ្ទះលើប្រភេទកីឡាទ្រីយ៉ាត្លុង នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ។ លោក ងិន សុខបញ្ញា បន្ថែម។
សូមបញ្ជាក់ថា មុនឈានដល់ការប្រកួតជើងឯកថ្នាក់ជាតិនេះ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏បានរៀបចំនូវវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដល់គ្រូបង្វឹក កីឡាករ-កីឡាការិនី និងគណៈកម្មការបច្ចេកទេស រួមទាំងការបោះជុំរុំហ្វឹកហាត់ករ្ុមជម្រើសជាតិ រយៈពេល ១សប្ដាហ៍ នៅខេត្តកែប ដើម្បីពង្រឹងសមត្ថភាព និងជំរុញឲ្យដំណើរការរៀបចំ ក៏ដូចជាការប្រកួតនេះ ប្រកបដោយភាពជោគជ័យ និងទទួលបានផ្លែផ្កាកាន់តែល្អប្រសើរផងដែរ៕