(ភ្នំពេញ)៖ ក្រុមហ៊ុនភីហ្សាអន្តរជាតិ គឺជាម៉ាកសញ្ញាលំដាប់ពិភពលោក មានហាងច្រើនជាង១៨,០០០កន្លែង នៅជាង១០០ប្រទេស។ ក្រុមហ៊ុនភីហ្សាហាត់កម្ពុជា គឺជាទីផ្សារទី១១០ ដែលផ្តល់រសជាតិភីហ្សាលំដាប់ពិភពលោក ដល់ប្រជាជនកម្ពុជា ជាមួយនឹងបទពិសោធន៍នៃការទទួលទាន តាមបែបទាន់សម័យ។
ហាងភីហ្សាហាត់កម្ពុជា បានប្រារព្ធពិធីសម្ពោធសាខាចំបងរបស់ខ្លួនជាផ្លូវការ ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងតំបន់មានប្រជាជនរស់នៅច្រើន និងការប្រកបអាជីវកម្ម ជាច្រើន បន្ទាប់ពីបានបើកសាខាទី១ ជិតផ្សាររុស្សី (ផ្សារទួលទំពូង) នៅក្នុងខែសីហា ឆ្នាំ២០២១ ព្រមទាំងបើកដំណើការសាខាទី២ កាល់ម៉ែត្រនៅខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ។
ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក មានគម្រោងនឹងបើកសាខាថ្មី២បន្ថែមទៀត នៅចុងឆ្នាំនេះ ហើយនឹងបើកហាងចំនួន៣០កន្លែងទៀត នៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំបន្ទាប់ ដែលនឹងបង្កើតការងារថ្មី ច្រើនជាង៨០០កន្លែង។
ព្រឹត្តិការណ៍សម្ពោធសាខាចំបង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១នេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព ពីសំណាក់លោក កៅ កោសល អគ្គនាយកតំណាងលោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ដែលមានទីតាំងផ្ទះលេខ១៥ ផ្លូវលេខ ៥៧ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ក្នុងពិធីនោះ ក៏មានការចូលរួមពីលោកស្រី Higgins Lauren តំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា, លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន យូណាយ ធីត ហ៊្វូដ ឯ.ក, លោក Unnat Varma អគ្គនាយកភីហ្សាហាត់អន្តរជាតិ ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិច និងលោក ហេង សេងលី ប្រធាននាយកប្រតិបត្តិ ក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក។
លោក Unnat Varma បានថ្លែងថា ក្រុមហ៊ុនភីហ្សាហាត់អន្តរជាតិ ពិតជាមានមោទនភាពក្នុងការចាប់ជាដៃគូពាណិជ្ជកម្ម ជាមួយនឹងក្រុមហ៊ុន យូណាយធីត ហ៊្វូដ ឯ.ក «យើងពិតជាមានក្តីរំភើបជាខ្លាំង ដែលឈានជើងចូលទីផ្សារប្រទេសកម្ពុជា ដែលជាទឹកដីសំបូរទៅដោយវប្បធម៌ និងបេតិកភណ្ឌជាច្រើន»។
លោកបន្ដថា «ហាងភីហ្សាហាត់ថ្មីនេះ នឹងផ្តល់បទពិសោធន៍ដ៏ទាន់សម័យ និងឱជារសឆ្ងាញ់នៅគ្រប់មុខម្ហូបទាំងអស់រួមមាន ការទទួលទាននៅក្នុងហាង ការដឹកជញ្ជូន ខ្ចប់ និងតាមប្រព័ន្ធឌីជីថល ដើម្បីផ្តល់ភាពងាយស្រួល និងបទពិសោធន៍នៃរសជាតិភីហ្សានៅលើពិភពលោក»។
លោក ហេង សេងលី បានថ្លែងថា «យើងជឿជាក់ថាភីហ្សាហាត់ នឹងក្លាយជាម៉ាកសញ្ញាដែលជាជម្រើសសម្រាប់ប្រជាជនកម្ពុជា ហើយយើងមានបំណងផ្សព្វផ្សាយ អំពីបទពិសោធន៍ដ៏ទាន់សម័យនេះ តាមរយៈផ្តល់នូវរសជាតិលំដាប់ពិភពលោក ទៅកាន់គ្រប់អតិថិជនក្នុងតម្លៃសមរម្យ ដោយសារចំនួនប្រជាជនកម្ពុជាជាច្រើន ទទួលបានចំណូលកើនឡើង ហើយពួកគេសម្លឹងមើលពីម៉ាកផលិតផលដែលល្អដើម្បីលើកកម្ពស់ជីវិតដ៏ទាន់សម័យរបស់គេ»។
លោក សេងលី បានបន្តទៀតថា «វាគឺជានិន្នាការថ្មីមួយ ដែលប្រជាជនកម្ពុជាភាគច្រើន មានភាពរវល់ការងារហើយ ទទួលបានប្រាក់ចំណូលជាច្រើន ដើម្បីចំណាយ ទៅលើការលំហែកំសាន្ត និងទទួលទានអាហារដែលលំដាប់ខ្ពស់។ នេះមានន័យថា ការទទួលទាននៅក្នុងផ្ទះ និងមានពេលចំអិនអាហារដោយខ្លួនឯងតិចតួច ហេតុដូច្នេះហើយយើងចង់ចូលរួម ជាផ្នែកមួយដើម្បីធ្វើឲ្យវាមានភាពងាយស្រួលសម្រាប់ពួកគេ ក្នុងការទទួលបានរសជាតិដ៏ឆ្ងាញ់ពីភីហ្សាហាត់នេះ»។
ផលិតផលរបស់ភីហ្សាហាត់កម្ពុជាមាន ភីហ្សា អាហារសម្រន់ ផាស្តា សាឡាត់ និងភេសជ្ជៈ ហើយពិសេសបំផុតនោះ គឺការផ្តល់រសជាតិដើមរបស់ភីហ្សាដ៏អស្ចារ្យ ចំពោះការចំណាយប្រាក់។
ភីហ្សាហាត់ ក៏មានផ្តល់សំបក៤ប្រភេទ ជាមួយនឹងរសជាតិជាង២០មុខផងដែរ ដូចជា៖ រសជាតិគ្រឿងសមុទ្រ រសជាតិសាច់ជ្រូក រសជាតិសាច់មាន់ រសជាតិឈីស និងរសជាតិបន្លែ។ មិនតែប៉ុណ្ណោះ គ្រប់បន្លែរបស់ភីហ្សាហាត់ ត្រូវបានទទួលស្គាល់ដោយប្រព័ន្ធអនុវត្តកសិកម្មបានល្អ (GAP) ហើយទឹកប្រើប្រាស់ត្រូវបានពិនិត្យ និងធ្វើតេស្តជាទៀងទាត់ដោយវិទ្យាស្ថានប៉ាស្ទើរកម្ពុជា។
ដើម្បីធានាថា ភីហ្សាធ្វើឡើងបានល្អ ហើយផ្តល់ជូនអាហារក្តៅៗ ជាមួយនឹងពេលវេលាជាក់លាក់នោះ ហាងនីមួយៗ នឹងបញ្ជាក់យ៉ាងច្បាស់អំពីតំបន់នៃការដឹកជញ្ជូន របស់ខ្លួនផងដែរ។ អតិថិជនដែលមានទីតាំងនៅក្នុងតំបន់នោះ អាចធ្វើការកម្មង់បានតាមរយៈគេហទំព័រ www.pizzahut.com.kh ឬទាញយកអែប PizzaHut KH App ឬ ទាក់ទងមកលេខទូរស័ព្ទ 855 23 890 890 ពេលនោះ ការកម្មង់ភីហ្សារបស់ពួកគេនឹងត្រូវបានដឹកជញ្ជូនទៅដល់ផ្ទះ និងការិយាល័យភ្លាម៕