(យេរ៉ូសាឡឹម)៖ អត្តពលិកប្រមាណ ៧,០០០នាក់មកពី ១៥ប្រទេស និងតំបន់នៅថ្ងៃសុក្រ បានចូលរួមនៅក្នុងព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុង Tiberias Marathon លើកទី៤៤ នៅតាមបណ្តោយតំបន់ឆ្នេរសមុទ្រ Galilee ភាគខាងជើងឈៀងខាងកើត ប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

ដោយសារតែវិធានបង្ការកូវីដ១៩ ក្នុងការចូលរួមពីជនបរទេសទៅកាន់អ៊ីស្រាអែលនោះ បានបណ្តាលឲ្យអ្នកចូលរួមរត់ប្រណាំងមកពីក្រៅប្រទេស មិនអាចចូលរួមប្រកួតបាននោះទេ ហើយអត្តពលិកបរទេសដែលបានចូលរួម គឺជាអ្នកដែលរស់នៅក្នុងប្រទេសអ៊ីស្រាអែលផ្ទាល់តែម្តង។

ជយលាភីផ្នែកបុរស គឺលោក Daniel Mulushet សញ្ជាតិអ៊ីស្រាអែល ដែលបានចំណាយពេល ២ម៉ោង ១៧នាទី និង ៨វិនាទី ស្របពេលដែលជយលាភីផ្នែកនារី គឺកីឡាការិនី Beatie Deutsch សញ្ជាតិអ៊ីស្រាអែលដូចគ្នា បានចំណាយពេលវេលា ២ម៉ោង ៤១នាទី និង ១២វិនាទី។

ជយលាភីទាំងពីរនាក់ ទទួលបានរង្វាន់ចំនួន ៣,៧៥០ដុល្លារក្នុងម្នាក់ៗ។

ព្រឹត្តិការណ៍រត់ប្រណាំងនេះរួមមានវិញ្ញាសារត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ៕