(ប៊ុយនូសអ៊ែរ)៖ អតីតកីឡាករលេងនៅក្លិប FC Barcelona និងក្លិប Liverpool លោក Javier Mascherano នឹងឡើងកាន់តំណែងជាគ្រូបង្វឹកក្រុម U-20 របស់ក្រុមជម្រើសជាតិអាហ្សង់ទីននៅឆ្នាំក្រោយ។ នេះបើតាមការបញ្ជាក់ពីសមាគមបាល់ទាត់អាហ្សង់ទីន (AFA) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។
វានឹងក្លាយជាការងារជាគ្រូបង្វឹកលើកដំបូងសម្រាប់លោក Mascherano ដែលបានជាប់ជាង ១០០ដងសម្រាប់ការលេងឲ្យក្រុមជម្រើសជាតិ ក្នុងនាមជាខ្សែការពារ និងខ្សែបម្រើការពារ។
បុរសវ័យ ៣៧ឆ្នាំរូបនេះនឹងត្រូវជំនួសតំណែងលោក Fernando Batista ចាប់ពីខែមករាឆ្នាំក្រោយតទៅ។ នេះបើតាមការឲ្យដឹងពី AFA។
បន្ទាប់ពីអាជីពជាកីឡាករអស់រយៈពេលជាយូរជាមួយក្លិប River Plate, Corinthians, West Ham United និងក្លិប Estudiantes លោក Mascherano បានចូលនិវត្តន៍នៅខែវិច្ឆិកា ឆ្នាំ២០២០៕