(មែនឆេស្ទឺ)៖ អ្នកចាត់ការបណ្តោះអាសន្នរបស់ក្លិប Manchester United លោក Ralf Rangnick បាននិយាយទូរសព្ទទៅកាន់ខ្សែបម្រើ Paul Pogba ហើយថា កីឡាករសញ្ជាតិបារាំងរូបនេះ នឹងជាសះស្បើយពីរបួសនៅខែក្រោយ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១។

Pogba ដែលនឹងចប់កិច្ចសន្យានៅចុងរដូវកាលនេះ ហើយអាចនឹងចាកចេញពី United ក្នុងការផ្ទេរដោយគ្មានការបង់ថ្លៃនោះ បានខកខានពីការប្រកួត ចាប់តាំងពីដើមខែវិច្ឆិកាមកម្ល៉េះ ជាមួយនឹងបញ្ហារបួសភ្លៅ ហើយបានចំណាយពេលវេលាស្តារនីតិសម្បទានៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមផងដែរ។

យ៉ាងណាក្តី កីឡាករវ័យ ២៨ឆ្នាំរូបនេះ អាចក្លាយជាផ្នែកមួយនៃគម្រោងរបស់លោក Rangnick នៅឯក្លិប United ខណៈបុរសសញ្ជាតិអាល្លឺម៉ង់រូបនេះ កំពុងខិតខំក្នុងការស្តារឡើងវិញនៃក្លិបឈរនៅលំដាប់ថ្នាក់ទី៦ ក្នុងលីគចាប់តាំងពីឡើងកាន់តំណែងកាលពីសប្តាហ៍មុនមក។

«យើងបានជជែកគ្នាតាមទូរសព្ទកាលពីថ្ងៃអង្គារ។ គាត់កំពុងនៅឌូបៃ។ លោកត្រូវបានគេរំពឹងថា នឹងត្រឡប់មកវិញនៅថ្ងៃនេះ ហើយបន្ទាប់មកយើងនឹងជជែកគ្នាផ្ទាល់នៅថ្ងៃអាទិត្យ»។ នេះបើតាមសម្តីលោក Rangnick បានប្រាប់ក្នុងសន្និសីទសារព័ត៌មានមួយ មុនការធ្វើដំណើរទៅជួបក្រុម Norwich City ក្នុងលីគ Premier League នាថ្ងៃសៅរ៍សប្តាហ៍នេះ។

Pogba បានបង្ហាញខ្លួន ៩ប្រកួតក្នុងលីគ គិតមកដល់ពេលនេះក្នុងយុទ្ធនាការនេះ ជាមួយនឹងការជួយឲ្យរកគ្រាប់បាល់បាន៧គ្រាប់ ប៉ុន្តែលោកជាកីឡាករម្នាក់ ក្នុងចំណោមកីឡាករដទៃទៀតដែលបានជួយបារាំងឈ្នះពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៨។

កីឡាករវ័យ ២៨ឆ្នាំរូបនេះបានមានទំនាក់ទំនងជាមួយក្លិបមួយចំនួននៅតំបន់អឺរ៉ុប ហើយអាចនឹងមានការព្រមព្រៀង មុនកិច្ចសន្យាជាមួយនឹងក្រុមណាមួយ នៅពេលដែលការបើករដូវកាលផ្ទេរកីឡាករនៅខែមករាឆ្នាំក្រោយ៕