(អាមេរិក)៖ កិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft និងក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (AI) Nuance Communications កំពុងស្ថិតក្រោមការស៊ើបអង្កេត និងត្រួតពិនិត្យពីសំណាក់សហភាពអឺរ៉ុប (EU) ដើម្បីឱ្យប្រាកដថាវាមិនមែន ជាករណីទិញដើម្បីសម្លាប់ទីផ្សារ ឬដើម្បីផ្ដាច់មុខនៅលើទីផ្សារប្រកួតប្រជែង។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Microsoft បានប្រកាស ពី កិច្ច ព្រមព្រៀងទិញលក់ជាមួយនឹងក្រុមហ៊ុន Nuance Communications ក្នុងតម្លៃ ១៦ពាន់លានដុល្លារអាមេរិកកាលពីខែមេសាកន្លងទៅនេះ ដោយក្នុងនោះ Microsoft មានគោលបំណងពង្រីកសេវាកម្មថែទាំសុខភាពតាមអនឡាញដោយប្រើប្រាស់បច្ចេកវិទ្យា AI របស់ Nuance Communications ហើយកិច្ចព្រមព្រៀងមួយនេះត្រូវបានធ្វើឡើងតាមបទប្បញ្ញត្តិសហរដ្ឋអាមេរិក និងអូស្ត្រាលីរួចរាល់ហើយផងដែរ។

បច្ចេកវិទ្យា AI របស់ Nuance Communications ត្រូវបានគេស្គាល់យ៉ាងច្បាស់ ព្រោះថាកន្លងមកក្រុមហ៊ុនមួយនេះបានជួយត្រួសត្រាយ ផ្លូវ និងដាក់ឱ្យដំណើរការនូវមុខងារ Siri របស់ក្រុមហ៊ុន Apple និងបានបម្រើដល់ វិស័យថែទាំសុខភាព នៅសហរដ្ឋអាមេរិករហូតដល់ ៧៧ភាគរយ។

គណៈកម្មការអឺរ៉ុប គ្រោងនឹងសម្រេចចិត្តលើកិច្ចព្រមព្រៀងទិញលក់រវាងក្រុមហ៊ុយទាំងពីរខាងលើនេះនៅត្រឹមថ្ងៃទី២១ ខែធ្នូ ប៉ុន្តែសម្រាប់ ពេលនេះមិនបានធ្វើអត្ថាធិប្បាយអ្វីទាំងអស់។

យោងតាមសេចក្ដីរាយការណ៍មួយបានបញ្ជាក់ប្រាប់សារព័ត៌មាន Reuters ថា កាលពីខែមុន EU បានស្នើឱ្យអតិថិជន និងដៃគូប្រកួតប្រជែង របស់ក្រុមហ៊ុនទាំងពីរធ្វើបញ្ជីការពីការព្រួយរម្ភរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងខាងលើនេះ ដើម្បីផ្ដល់ភាពងាយស្រួលដល់ EU ក្នុងការ ត្រួតពិនិត្យ និងសម្រេច៕