(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្ដេជ្ញាធ្វើកំណែទម្រង់ស៊ីជម្រៅក្នុងអាណត្តិថ្មីរបស់ខ្លួន បន្ទាប់ពីសហព័ន្ធបានបន្ថែមក្បាលម៉ាស៊ី នៃគណៈកម្មាធិការប្រតិបត្តិឡើងដល់ ១៩រូប។ នេះបើតាមការគូសបញ្ជាក់របស់លោក តែម ម៉ឺន ក្រោយទទួលបានការគាំទ្របន្ដធ្វើជាប្រធានសហព័ន្ធ អាណត្តិទី៧ ឆ្នាំ២០២១-២០២៥ ក្នុងមហាសន្និបាតនៅកីឡដ្ឋានស្ដាតចាស់នាល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១។

លោក តែម ម៉ឺន បានបញ្ជាក់ថា ក្នុងអាណត្តិថ្មីនេះមានការងារសំខាន់ៗជាច្រើនដែលក្បាលម៉ាស៊ីសហព័ន្ធគ្រប់រូបត្រូវពង្រឹង និងយកចិត្តទុកដាក់ ដោយក្រាញននៀលក្នុងការបំពេញការងារ ព្រោះប្រដាល់គុនខ្មែរត្រូវមានបេសកកម្មធំៗជាច្រើន ពិសេសការត្រៀមការប្រកួតកីឡាស៊ីហ្គេម ២លើកចំពោះមុខ គឺស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផ្ទាល់តែម្ដង។

លោកបន្ដថា «ស៊ីហ្គេម ២ឆ្នាំជាប់គ្នានេះ មិនមែនជារឿងធម្មតានោះទេ គឺមានការងារត្រូវរវល់ច្រើនណាស់ សុទ្ធតែជាកិច្ចការងារសំខាន់សម្រាប់កិត្តិយស និងមុខមាត់ប្រទេសជាតិយើង។ ចឹងខ្ញុំគិតថា ការងាររបស់យើង ពិតជាច្រើន ចឹងសហព័ន្ធខ្លួនឯង គឺត្រូវតែធ្វើការពង្រឹងយកចិត្តទុកដាក់ការងាររបស់ខ្លួនជាបន្ដបន្ទាប់ មិនអាចមានពេលទំនេរ ហើយមិនអាចចាត់ទុកថា ការងារនេះធម្មតាបាននោះទេ»

«ដោយសារការងារសំខាន់នេះហើយ ទើបសហព័ន្ធបន្ថែមសមាជិកគណៈកម្មាធិការប្រតិបត្តិពី ១៣រូប ទៅ ១៩រូប ចឹងបន្ថែម ៦រូបទៀត ដែលជាមន្ដ្រីវ័យក្មេង មានសុខភាពល្អ មានចំណេះដឹង និងធនធានល្អ សម្រាប់មកជួយសហព័ន្ធរបស់យើងក្នុងក្របខណ្ឌតាំងពីអនុប្រធានផង អគ្គលេខាធិការផង អគ្គហេរញ្ញិកផង។ ចឹងគឺសហព័ន្ធត្រូវរៀបចំក្បាលម៉ាស៊ីនរបស់ខ្លួន ទាំងគណៈកម្មការបច្ចេកទេស ដើម្បីធានារាល់និរន្ដរភាពការងាររបស់ខ្លួនឲ្យបានជាប់ជាប្រចាំ ហើយឲ្យបានខ្លាំងក្លា ចំគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជារាជរដ្ឋាភិបាល»

ប្រធានសហព័ន្ធដដែលបន្ថែមថា «ដោយឡែកការរៀបចំមូលដ្ឋានការងារ ត្រូវគិតទៅដល់ហេដ្ឋារចនាសម្ព័ន្ធ ការងារបច្ចេកទេស បណ្ដុះបណ្ដាល គ្រូបង្វឹក កីឡាករ-កីឡាការិនី ពិសេសក្រុមជម្រើសជាតិ ដែលត្រូវតែមានការប្រមូលផ្ដុំថែទាំឲ្យបានល្អ ទើបយើងអាចទទួលបានមេដាយតាមអ្វីដែលបានគ្រោងទុក។ នេះគឺជាចំណុចសំខាន់ដែលយើងគិតថា អាណត្តិនេះត្រូវតែមានការកែទម្រង់ស៊ីជម្រៅ ហើយត្រូវតែក្រាញននៀល គ្មានពាក្យថា ហត់នោះទេ អាណត្តិនេះ»

ចំពោះសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អាណត្តិទី៧ រួមមានលោក តែម ម៉ឺន ជាប្រធាន, លោក វ៉ា ស៊ិនភីរម្យ ជាអនុប្រធានទី១ រួមជាមួយអនុប្រធាន ៥រូបផ្សេងទៀត មានលោក ឆង យ៉ៅយ៉េន, លោក ម៉ិល កាដូ, លោក និន ភិរម្យ, លោក ប៉ែន ស៊ីនេត និងលោក ហួត សេងទ្រី។ រីឯលោក ហេង សុខឃន ត្រូវបានតែងតាំងជាអគ្គលេខាធិការ និងលោក ផេង វណ្ណៈ ជាអគ្គហេរញ្ញិក រួមជាមួយអគ្គលេខាធិការងម្នាក់ និងសមាជិកចំនួន ៩នាក់ទៀត៕