(ភ្នំពេញ)៖ ក្លិនដ៏ឈ្ងុយរបស់សាច់អាំង ដែលកំពុងអាំងតាមទូនៅចិញ្ចឹមផ្លូវ ប្រកបដោយអនាម័យនេះ កំពុងទាក់ទាញអតិថិជនជាច្រើន ឱ្យចូលទិញជាហូរហែ។ សាច់អាំងដែលកំពុងអាំងលក់នេះដូចជា សាច់ក្រពើ សាច់គោ ដៃមឹក សាច់ជ្រូក និងប្រភេទសាច់ផ្សេងជាច្រើនទៀត នៅតាមទូរពណ៌បៃតងមាននិមិត្តសញ្ញា HBF ដែលបច្ចុប្បន្នគេសង្កេតមានជាច្រើនកន្លែង នៅក្នុងរាជធានីភ្នំពេញ។

បច្ចុប្បន្ននេះ អាហារនៅតាមចិញ្ចើមផ្លូវមួយចំនួន បានក្លាយជាចំណីដ៏ពេញនិយមរបស់ប្រជាពលរដ្ឋខ្មែរ មិនថាតែក្នុងក្រុងភ្នំពេញ ឬតាមខេត្តក្រុងនានានោះទេ ដោយសារតែវាមានតម្លៃសមរម្យងាយស្រួលទិញ និងមានច្រើនជម្រើសសម្រាប់បរិភោគ ដែលពលរដ្ឋគ្រប់កម្រិត អាចមានលទ្ធភាពទិញសម្រាប់ទទួលទាន។

ជាការពិតដែលអាហារតាមចិញ្ចឹមផ្លូវ មានតម្លៃសមរម្យ ប៉ុន្តែបញ្ហាគុណភាព អនាម័យ នៅតែជាបញ្ហាចោទ ដោយអាហារតាមចិញ្ចើមផ្លូវ ភាគច្រើន ដូចជាស្លាបមាន់ ប្រហិត ឬសាច់ផ្សេងៗជាដើម ត្រូវបាននាំចូលពីប្រទេសជិតខាង ដែលគេមិនច្បាស់ពីគុណភាពនៃចំណីអាហារទាំងនោះថា នឹងបង្កផលប៉ះពាល់អ្វីខ្លះ ដល់អ្នកបរិភោគនោះឡើយ។

ដោយមើលឃើញពីបញ្ហានេះ សហគ្រិនវ័យក្មេងមួយរូប បានបង្កើតសិប្បកម្មផលិតសាច់ចង្កាក់ សម្រាប់លក់តាមដងផ្លូវ ដោយមានស្តង់ដារអនាម័យ ក្នុងតម្លៃសមរម្យចាប់ពី១០០០រៀល ដល់២៥០០រៀល ដែលពលរដ្ឋគ្រប់កម្រិតមានលទ្ធទិញទទួលទាន ដោយមិនបារម្ភបញ្ហាអនាម័យ។

គិតគូរពីបញ្ហាអនាម័យចំណីអាហារតាមដងផ្លូវ ជារឿងមួយសំខាន់ តែអ្វីដែលកាន់តែសំខាន់ជាងនោះទៅទៀត ម្ចាស់សិប្បកម្មសាច់ចង្កាក់ HBF

លោក ថុង គីមហួន បានឱ្យដឹងថា លោកបង្កើតសិប្បកម្មសាច់អាំង HBF នេះឡើង គឺក្នុងបំណងបង្កើតប្រេនសាច់អាំងមួយ ជារបស់កូនខ្មែរ ដែលជួយលើកស្ទួយគុណភាពអាហារតាមផ្លូវនៅកម្ពុជា និងបង្កើតការងារជាច្រើនដល់ពលរដ្ឋពលខ្មែរ ជាពិសេសជួយដោះស្រាយបញ្ហាកង្វះទីផ្សាររបស់កសិករ។

សិប្បកម្មសាច់ចង្កាក់ HBF ត្រូវបានបង្កើតឡើងកាលពីពាក់កណ្តាលឆ្នាំ២០២០ បានផ្តល់ការងារដល់ពលរដ្ឋខ្មែរ ដែលមានជីវភាពលំបាក និងបាត់បង់ការងារធ្វើ ដែលបង្កឡើងជំងឺកូវីដ១៩ បានជាង១៥០នាក់។ សិប្បកម្មមួយនេះ មានបំណងពង្រីកផលិតកម្មបន្ថែមទៀត ដើម្បីបង្កើតការងារដល់អ្នកមានជីវភាពទីទ័លក្រ ឱ្យបានជាង១៥០នាក់បន្ថែមទៀត។

ក្នុងទឹកមុខញញឹម បន្ទាប់ដើរពិនិត្យការផលិតរបស់បុគ្គលិក នៅក្នុងសិប្បកម្មតាមផ្នែកនីមួយៗ ដូចជាផ្នែកដោតសាច់ ផ្នែកប្រឡាក់សាច់ កន្លែងវេចខ្ចប់ និងកន្លែងរក្សាសាច់ទុកជាដើម លោក ថុង គីមហួន ផ្តល់បទសម្ភាសដល់បណ្តាញព័ត៌មាន Fresh News បន្ថែមថា ក្រៅពីការផ្តល់ការងារដល់ ពលរដ្ឋដែលមានជីវភាពទីទ័លក្រហើយនោះ សិប្បកម្មសាច់អាំង HBF ក៏បានចូលរួមចំណែកជួយដោះបញ្ហាខ្វះទីផ្សារដល់កសិករចិញ្ចឹមសត្វផងដែរ ពិសេស អ្នកចិញ្ចឹមក្រពើ ដែលកន្លងបានជួបប្រទះបញ្ហាទីផ្សារ និងការធ្លាក់ចុះនៃតម្លៃដែលធ្វើឱ្យអ្នកចិញ្ចឹមខាតបង់ប្រាក់។

ទោះទើបតែបើកដំណើការបានជាង១ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រេនសាច់ចង្កាក់ ដែលបង្កើតឡើងដោយកូនខ្មែរនេះ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកបរិភោគ ដែលមកទល់បច្ចុប្បន្ននេះ HBF ពង្រីកសាខាបានគ្រប់២៥ខេត្តក្រុងហើយ។

មានសប្បុរខ្មៅស្រអែម វ៉ាត់ ស៊ីណាត ដែលអតីតចុងភៅនៅភោជនីយដ្ឋានមួយកន្លែង ក្នុងក្រុងភ្នំពេញ បានមកបំពេញការងារក្នុងសិប្បកម្មសាច់អាំង HBF រយៈពេលជាង៨ខែហើយ បន្ទាប់ពីបាត់បង់ការងារដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ដែលធ្វើហាងអាហារជាច្រើន ត្រូវបិទអាជីវកម្ម។

បុគ្គលិកវ័យ២៩ឆ្នាំ មកពីខេត្តបាត់ដំបូងរូបនេះ ចង់ឱ្យពលរដ្ឋខ្មែរ គាំទ្រម៉ាកអាំងសាច់ដែលផលិតឡើងដោយកូនខ្មែរនេះ ដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែរ ដែលមិនសូវមានជំនាញកាត់បន្ថយការចំណាកស្រុក ជាពិសេសជួយដល់កសិករ ដែលចិញ្ចឹមសត្វនៅកម្ពុជា ទទួលបានប្រាក់ចំណេញ៕