(សៀមរាប)៖ ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ត្រូវបានរៀបចំឡើងក្រោមបុព្វបំណងជាច្រើន ក្នុងនោះមិនត្រឹមតែរំលឹកគុណបុព្វបុរសដែលបានបន្សល់នូវកេរដំណែលជាច្រើនប៉ុណ្ណោះទេ ប៉ុន្តែក៏ចង់បណ្តុះស្មារតីយុវជនជំនាន់ក្រោយឱ្យចេះការពារថែរក្សាកេរមត៌កទាំងនោះឱ្យបានគង់វង្សយូរអង្វែង និងជួយគ្នាលើកតម្កើងឱ្យបានរុងរឿងតទៅមុខផងដែរ។
គួរជម្រាបថា អាជ្ញាធរជាតិអប្សរាបាននិងកំពុងរៀបចំពិធី «រំលឹកគុណអង្គរ» នេះរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២-១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីតាំងជាច្រើននៃរមណីយដ្ឋានអង្គរ។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែធ្នូនេះថា ពិធីដ៏ធំមួយនេះគឺមានរួមបញ្ចូលទាំងពិធីបែបសាសនា ទស្សនកិច្ច សមាធិ និងកម្មវិធីសិល្បៈផងដែរ។
លោក ឡុង កុសល បានបង្ហាញអំពីគោលបំណងធំៗនៃការរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នេះ ក្នុងនោះរួមមាន៖
* ដើម្បីរំលឹកគុណដល់បុព្វការីជនដែលបានខិតខំកសាង និងថែរក្សារមណីយដ្ឋានអង្គរឱ្យបានស្ថិតស្ថិរគង់វង្សមកដល់សព្វថ្ងៃ។
* ដើម្បីរក្សាភាពស័ក្តិសិទ្ធិក្នុងបរិបទសាកលភាវូបនីយកម្ម។
* ដើម្បីរំលឹកឡើងវិញនូវកេរដំណែលនៃពិធីដឹងគុណព្រះមហាក្សត្រក្នុងសម័យអង្គរ ក្រោមរូបភាពពិធីឡើងសួយសារអាករពីរដ្ឋចំណុះ ជាពិសេសដើម្បីសម្តែងនូវកតញ្ញូតាធម៌ និងគុណូបការចំពោះវីរជន ឥស្សរជន និងបុព្វបុរសគ្រប់ជំនាន់ដែលបានលះបង់កាយចិត្តស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភិរក្សមត៌កវប្បធម៌។
* ដើម្បីបង្កើតឱ្យមានយន្តការនៃការរំលឹកគុណអង្គរ ដើម្បីបំផុសឱ្យភ្ញៀវជាតិ ឬអន្តរជាតិ១នាក់ចូលរួមទស្សនាអង្គរយ៉ាងហោចណាស់ឱ្យបាន១ដងក្នុង១ឆ្នាំ មកទស្សនាហើយចង់មកទៀត។
* ដើម្បីបំផុសចលនាស្រលាញ់ និងចូលរួមការពាររមណីយដ្ឋានអង្គរ ជៀសវាងឱ្យបាននូវការបំផ្លាញដោយស្នាដៃមនុស្ស និងធម្មជាតិ តាមរយៈការរៀបចំកម្មវិធីស្វែងយល់ផ្ទាល់នៅការដ្ឋានការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាប្រឈម និងការបញ្ជ្រាបតាមរយៈការសម្តែងសិល្បៈ ទស្សនីយភាព ពោលដើម្បីបណ្តុះស្មារតីយុវជន និងប្រជាពលរដ្ឋខ្មែរឱ្យចេះស្រលាញ់ ចូលរួមថែរក្សា ការពារ និងលើកតម្កើងបេតិកភណ្ឌ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីផូរផង់របស់កម្ពុជា លើកស្ទួយពាក្យស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ»។
* ដើម្បីធ្វើឱ្យកាន់តែប្រាកដឡើងនូវពាក្យស្លោក «កោះសន្តិភាព» ដែលមានចែងក្នុងបុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក «អរគុណសន្តិភាព» និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ជាពិសេសភាពជោគជ័យនៃយន្តការទប់ស្កាត់កូរីដ១៩របស់កម្ពុជា ក៏ដូចជាចូលរួមចំណែកជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធក្នុងការធ្វើឱ្យរួសរានឡើងវិញនូវវិស័យទេសចរណ៍របស់កម្ពុជា។
* ដើម្បីបង្ហាញមោទកភាពជាតិរបស់កម្ពុជា ដែលជាមហាអំណាចវប្បធម៌ និងមានប្រវត្តិសាស្រ្តយូរលង់មកហើយ ព្រមទាំងលើកគុណតម្លៃសម្បត្តិបេតិកភណ្ឌ
ដើម្បីផ្សព្វផ្សាយពីសក្តានុពលវប្បធម៌ និងទេសចរណ៍ទៅកាន់ឆាកអន្តរជាតិជាដើម។
លោក ឡុង កុសល បានបន្តថា នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ អាជ្ញាធរជាតិអប្សរាបានរៀបពិធីក្រុងពាលីប្រារព្ធពិធីបុណ្យដឹងគុណមហាវីរបុរសដូនតា ដែលធ្វើឡើងនៅបរិវណខាងមុខប្រាសាទភ្នំបាខែង។ នៅថ្ងៃទី១៣នេះ គឺមានពិធីបួងសួងសុំសេចក្ដីសុខសប្បាយនៅលើប្រាសាទភ្នំបាខែងដែលនៅលើកំពូលភ្នំបាខែង និងមានពិធីកម្មបែបសាសនាទាំងពុទ្ធសាសនា និងព្រហ្មញ្ញសាសនា ព្រមទាំងមានពិធីធ្វើសមាធិនៅពេលល្ងាចលើភ្នំបាខែងដែរ ពោលគឺមានពីធីកម្មប្រពៃណី ទំនៀមទម្លាប់របសខ្មែរ និងតាមបែបសាសនាចម្រុះរួមគ្នា។
លោកបានបន្តថា នៅថ្ងៃទី១៤ស្អែក ក៏នឹងមានរៀបចំពិធីរាបបាត្រនៅពេលព្រឹក ដែលនឹងមានការចូលរួមជាអធិបតីរបស់លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអាជ្ញាធរអប្សរា និងរដ្ឋបាលខេត្តសៀមរាបជាដើម។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបានអំពាវនាវដល់មហាជន ក៏ដូចជាភ្ញៀវទេសចរចូលរួមក្នុងពិធីរំលឹកគុណអង្គរនេះឱ្យបានច្រើនកុះករ ដោយលោកបានបញ្ជាក់ថា «ពិធីនេះ មិនមែនសម្រាប់តែអាជ្ញាធរជាតិអប្សរា ឬសម្រាប់ស្ថាប័នរដ្ឋនោះទេ គឺសម្រាប់ប្រជាជន ភ្ញៀវទេសចរទូទៅ ដែលអាចចូលរួមបានតាមការគួរ និងប្រកាន់ខ្ជាប់នូវវិធានការបង្ការជំងឺកូវីដ១៩»។
ក្រៅពីពិធីកម្មសាសនាទាំងនេះ អាជ្ញាធរជាតិអប្សរាក៏បានរៀបចំដំណើរទស្សនកិច្ច នៅតាមការដ្ឋានជួសជុលប្រាសាទមួយចំនួននៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ ដែលមហាជននឹងយល់កាន់ច្បាស់អំពីដំណើរការ បច្ចេកទេស និងការចាំបាច់នានាសម្រាប់ការអភរក្សកេរដំណែលដូនតាខ្មែរ៕