(បាសេឡូណា)៖ អតីតខ្សែប្រយុទ្ធក្លិប Man City ដែលបច្ចុប្បន្នលេងនៅក្លិប FC Barcelona កីឡាករ Sergio Aguero គ្រោងនឹងប្រកាសពីការចូលនិវត្តន៍របស់លោកនៅថ្ងៃពុធសប្តាហ៍នេះ មិនដល់ ៦ខែនោះទេ បន្ទាប់ពីលោកបានចូលរួមជាមួយក្លិបអ្នកមានបុណ្យ។ នេះបើតាមសម្តីអ្នកសារព័ត៌មានកីឡារបស់អេស្ប៉ាញ លោក Guillem Balague ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន BBC នាយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

កីឡាករអន្តរជាតិអាហ្សង់ទីន វ័យ៣៣ឆ្នាំរូបនេះបានតស៊ូជាមួយនឹងបញ្ហារបួស និងបញ្ហាសុខភាពជាច្រើនចាប់តាំងពីផ្លាស់មកលេងនៅអេស្ប៉ាញ ដោយបានបង្ហាញខ្លួនត្រឹមតែ ៥លើកប៉ុណ្ណោះសម្រាប់ក្លិប Barcelona។

ក្នុងការប្រកួតចុងក្រោយរបស់លោកកាលពីថ្ងៃទី៣០ ខែតុលា លោកត្រូវបានគេប្តូរចូលជំនួស ហើយបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពី «ឈឺទ្រូង»។

កីឡាករ Aguero នឹងបញ្ចប់អាជីពរបស់លោកជាមួយនឹងការស៊ុតបញ្ចូលទី ៤២៧គ្រាប់ ពីការចូលលេងសរុប ៧៨៦ប្រកួត៕