(ប៊ូដាបេស)៖ លោក Peter Stoeger សញ្ជាតិអូទ្រីស នឹងលាលែងពីតំណែងជាគ្រូបង្គោលក្លិបបាល់ទាត់ Ferencvaros ដែលលេងនៅលីគកំពូលរបស់ហុងគ្រី បន្ទាប់ពីកាន់តួនាទីនេះទើបតែបានជាង ៦ខែប៉ុណ្ណោះ។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
ក្លិប Ferencvaros មិនបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ពួកគេ ថាហេតុអ្វីបានជាលោក Stoeger ចាកចេញនោះទេ។ ជំនួយការចំនួន ២នាក់របស់លោក គឺលោក Gerhard Fellner និងលោក Alexander Bade ក៏បានចាកចេញពីក្លិបផងដែរ។
បុរសមានវ័យ ៥៥ឆ្នាំ គ្រូបង្គោលរូបនេះធ្លាប់ដឹកនាំក្លិប Cologne របស់អាល្លឺម៉ង់ ហើយបានដឹកនាំក្លិបចូលទៅលេងនៅលីគ Bundesliga ពីលីគលំដាប់ទី២ ក្នុងរយៈពេលត្រឹមតែ ១ឆ្នាំ។ ក្រោយមកលោកបានប្តូរទៅដឹកនាំក្លិប Borussia Dortmund។
ក្លិប Ferencvaros ដែលជាម្ចាស់ពានរង្វាន់ថ្នាក់ជាតិ ៣រដូវកាលមុននោះ នឹងត្រូវដឹកនាំហ្វឹកហាត់ដោយជំនួយការគ្រូបង្វឹក លោក Csaba Mate រហូតដល់គ្រូបង្គោលថ្មីត្រូវបានតែងតាំង៕