(ខាធូម)៖ ស៊ូដង់ បានបណ្តេញគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិ លោក Hubert Velud ចេញពីតំណែងមិនដល់ ១ខែនោះទេ មុនពេលពួកគេប្រកួតពានរង្វាន់ Africa Cup of Nations ក្រោយពីដំណើរការប្រកួតទទួលបានលទ្ធផលមិនល្អនៅឯព្រឹត្តិការណ៍ Arab Cup ក្នុងប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
បុរសសញ្ជាតិបារាំង វ័យ ៦២ឆ្នាំរូបនេះត្រូវបានបណ្តេញចេញពីតំណែង បន្ទាប់ពីមានកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់សមាគមបាល់ទាត់ស៊ូដង់ កាលពីថ្ងៃអាទិត្យ។ នេះបើតាមសមាគមបាល់ទាត់បានបញ្ជាក់នៅថ្ងៃចន្ទនេះ។
លោកនឹងត្រូវជំនួសតំណែងដោយលោក Borhan Tia ដែលធ្លាប់កាន់តួនាទីជាគ្រូបង្គោលមួយរូបនៅក្នុងលីគ Premier League កាលពីទសវត្សមុន។
ស៊ូដង់ បានចាញ់ទាំង ៣ការប្រកួតនៅឯពានរង្វាន់ Arab Cup ក្នុងខែនេះ ដោយបានរបូតគ្រាប់បាល់ ១០គ្រាប់ដោយគ្មានរកគ្រាប់បាល់មួយគ្រាប់សោះ បើទោះបីជាបានដាក់ឲ្យក្រុមជម្រើសជាតិពេញជើងដែលរំពឹងថា នឹងមានការផ្លាស់ប្តូរបន្តិចបន្ទួចសម្រាប់ការប្រកួតវគ្គជុំផ្តាច់ព្រ័ត្រពានរង្វាន់ Cup of Nations នៅខែក្រោយក៏ដោយ។
ស៊ូដង់ នឹងប្រកួតជម្រុះក្នុងពូល D នៅឯព្រឹត្តិការណ៍ Cup of Nations នៅប្រទេសកាមេរូន ដោយការប្រកួតបើកយុទ្ធនាការរបស់ពួកគេ នឹងត្រូវប៉ះក្រុមហ្គីណេប៊ីស នៅទីក្រុង Garoua នាថ្ងៃទី១១ ខែមករា ហើយក្រោយមកនឹងជួបក្រុមនីហ្សេរីយ៉ា និងអេហ្ស៊ីប៕