(ក្រុងឡុងដ៍)៖ ក្របខណ្ឌបាល់ទាត់លីគកំពូលអង់គ្លេស Premier League បានឃើញកូវីដ-១៩ មានដល់ទៅ ៤២ករណី ជាចំនួនបំបែកកំណត់ត្រាថ្មីគិតចាប់តាំងពីខែមករា ឆ្នាំ២០២១ មកដែលមានតែ ៤០ករណីប៉ុណ្ណោះ។
ករណីកើនឡើងជាថ្មីនេះ អាចតម្រូវឲ្យអ្នកគាំទ្រចូលទស្សនាក្នុងកីឡដ្ឋាន ប្រើប្រាស់បណ្ណចាក់វ៉ាក់សាំង និង Pass ដើម្បីចូលរួមទស្សនាការប្រកួតចាប់ពីថ្ងៃពុធនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ BBC នៅថ្ងៃអង្គារ ទី១៤ ខែធ្នូ ឆ្នាំ២០២១។
ចំនួនកីឡាករប្រមាណ ២២៩៥នាក់ត្រូវបានធ្វើតេស្តក្នុងសប្តាហ៍នេះ នៅពេលដែលចំនួន ៣៨០៥នាក់ត្រូវបានធ្វើតេស្តរួចរាល់កាលសប្តាហ៍មុនចាប់ពីថ្ងៃទី០៦-១២ ខែធ្នូ ដែលរកឃើញវិជ្ជមាន ៤២ករណីមានទាំងកីឡាករ និងបុគ្គលិកក្លិប Brighton, Tottenham, Leicester, Manchester United, Aston Villa និង Norwich ដែលធ្វើឲ្យជំនួបរវាង Man Utd ទល់នឹង Brighton ស្ថិតក្នុងមន្ទិលផងដែរ។
លើសពីនេះទៀតជំនួបរវាង Brighton និង Spurs ក៏ត្រូវបានពន្យារពេលផងដែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយសារតែកីឡាករ និងបុគ្គលិករបស់មាន់ខ្នាយមាសបានឆ្លងជំងឺ COVID-19៕