(នីយ៉ុង)៖ តោខៀវ Chelsea ដែលជាក្រុមការពារតំណែងជើងឯកនោះ ត្រូវបានចាប់ឆ្នោតប៉ះក្រុម Lille របស់បារាំង ស្របពេលដែល Manchester United ដែលមាន Cristiano Ronaldo មិនត្រូវប៉ះគូប្រជែង Paris Saint-Germain ដែលមាន Lionel Messi នោះទេ។

ក្រុមខ្លាំងនៅ Premier Leauge តោខៀវ Chelsea បានស្គាល់រសជាតិពាន UEFA Champions League ជាលើកទី២ នៅពេលយកឈ្នះ Manchester City ១-០ កាលវគ្គផ្តាច់ព្រ័ត្រនារដូវកាលមុន។

ក្នុងកម្មវិធីចាប់ឆ្នោតដែលត្រូវបានធ្វើឡើងនៅទីក្រុង Nyon ប្រទេសស្វីសនោះ ក៏មានការរអាក់រអួលផ្នែកបច្ចេកទេសបន្តិចបន្ទួចផងដែរ នៅពេលដែល UEFA បានបកស្រាយរួចរាល់ហើយ ក្នុងការចាប់គូប្រកួតដែលត្រូវបានធ្វើឡើងជាលើកទី២ ក្នុង UCL នារដូវកាលនេះ។

ដូចគ្នានោះដែរ ក្រុមជើងឯកអង់គ្លេស Manchester City ត្រូវប៉ះក្រុម Sporting Lisbon របស់ព័រទុយហ្គាល់ គ្រាដែលអតីតជើងឯក UCL ៦សម័យកាល Liverpool ត្រូវប៉ះអតីតជើងឯក ៣សម័យកាល Inter Milan និង Manchester United ត្រូវប៉ះ Atletico Madrid ដែលជាជើងឯកមកពីអេស្ប៉ាញ។

Red Bull Salzburg ប៉ះក្រុមខ្លាំង Bayern Munich, Benfica ជួប Ajax, Villarreal ប៉ះ Juventus និង Paris Saint-Germain ជួបអតីតជើងឯក ១៣សម័យកាលច្រើនជាងគេ Real Madrid ដែលការប្រកួតនឹងធ្វើឡើងចាប់ពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២២ តទៅ៕