(ភ្នំពេញ)៖ ក្រុមហ៊ុន តាំង គួង ផេ ភីអិលស៉ី ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនរបស់កម្ពុជា (គ្រឹះស្ថានឯកជន) និងធនាគារ ហ្វីលីព ភីអិលស៉ី ដែលជាសមាជិករបស់ហ្វីលីពកាពីតាល់គ្រុប មានមូលដ្ឋាននៅប្រទេសសឹង្ហបូរី បានរៀបចំពិធីចុះហត្ថលេខាលើកិច្ចសហការក្នុងភាពជាដៃគូ។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនទាំងអស់ និងភ្ញៀវកិត្តិយសផងដែរ។
ក្នុងពិធីចុះហត្ថលេខានោះ ឧកញ៉ា តាំង គួង អគ្គនាយកក្រុមហ៊ុន តាំង គួង ផេ ភីអិលស៉ី បានលើកឡើងយ៉ាងដូច្នេះ៖ «យើងខ្ញុំមានជំនឿយ៉ាងមុតមាំថា កិច្ចសហការនេះ នឹងធ្វើឲ្យ ក្រុមហ៊ុន តាំង គួង ផេ កាន់តែទទួលបាននូវទំនុកចិត្តពីអតិថិជនបន្ថែមទៀត លើវិស័យសេវាទូទាត់បែបឌីជីថល លឿនរហ័ស ទាន់ចិត្ត និង មានសុវត្ថិភាពសាច់ប្រាក់»។
ឧកញ៉ា តាំង គួង បានបន្តថា «ដោយមានចក្ខុវិស័យខ្ពស់ជាមួយនឹងការផ្តល់នូវដំណោះស្រាយក្នុងការទូទាត់បែបទំនើប ងាយស្រួល និងផ្តល់នូវអត្ថប្រយោជន៍ ក្នុងជីវភាពប្រចាំថ្ងៃរបស់អតិថិជន ទាំងនៅថ្ងៃនេះ ក៏ដូចជានៅថ្ងៃអនាគត ខ្ញុំក៏បានបង្កើតនូវទម្រង់ទូទាត់មួយបែបឌីជីថល ដែលមានភាពវៃឆ្លាត លឿនរហ័សទាន់ចិត្ត និង មានសុវត្ថិភាព ដែលនឹងក្លាយជាទម្រង់នៃការទូទាត់បែបឌីជីថល មួយដែលនាំមុខគេ ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៉ីទាំងមូល»។
ដោយមានគោលដៅ និង បេសកកម្មច្បាស់លាស់ក្នុងវិស័យទូទាត់បែបទំនើប និងឈានមុខគេ ធ្វើឲ្យក្រុមការងារក្រុមហ៊ុន តាំង គួង ផេ បានប្រឹងប្រែងរៀបចំផែនការ ក៏ដូចជាយុទ្ធសាស្ត្រនានា ក្នុងការបង្កើតកម្មវិធីទូទាត់បែបឌីជីថលនេះឡើង ដើម្បីដាក់ឲ្យប្រើប្រាស់សាកល្បង។ ដោយឆ្លងកាត់តាមការប្រើប្រាស់សាកល្បង មួយរយៈកន្លងមកនេះ ក្រុមហ៊ុន តាំង គួង ផេ បានទទួលលទ្ធផល គួរជាទីគាប់ចិត្ត ដោយកម្មវិធីនេះ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ដល់ម្ចាស់អាជីវកម្ម តូច មធ្យម និង ធំទាំងអស់ ទទួលបាននូវ របៀបនៃការទូទាត់បែបថ្មី ទំនើប និង បទពិសោធន៍មួយដ៏អស្ចារ្យ ដែលមានភាពងាយស្រួល រហ័ស សុវត្ថិភាព និងទំនុកចិត្តផងដែរ។
លោក ចាន់ ម៉ាច អគ្គនាយកធនាគារ ហ្វីលីព ភីអិលស៉ី បានថ្លែងថា ក្នុងនាមជាធនាគារពាណិជ្ជមួយ ដែលមានសាខាច្រើនជាងគេនៅកម្ពុជា ធនាគារ ហ្វីលីព ក៏មានគោលដៅស្រដៀងនឹង ក្រុមហ៊ុន តាំង គួង ផេ ផងដែរ ពោលគឺនាំមកនូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថល ដើម្បីឆ្លើយតបនឹងតម្រូវការប្រើប្រាស់របស់ប្រជាជនកម្ពុជាសព្វថ្ងៃ។ ដោយសារតែឆន្ទៈស្រដៀងគ្នានេះ ទើបនាំឲ្យក្រុមហ៊ុនទាំងពីរ ឈានចូលដល់ការចុះហត្ថាលេខានាថ្ងៃនេះ លើកិច្ចសហការក្នុងភាពជាដៃគូ ដើម្បីសិក្សាលទ្ធភាពឲ្យអតិថិជនធនាគារ ហ្វីលីព និងអតិថិជន Tang Kung Pay ធ្វើប្រតិបត្តិការហិរញ្ញវត្ថុទាំងក្នុងស្រុក និងក្រៅស្រុក ជាច្រើន ដូចជាការផ្ទេរប្រាក់ ការទូទាត់ Co-branded Virtual Mastercard ជាដើម។
លោក ចាន់ ម៉ាច បានបន្តថា «ជាងនេះទៅទៀតសេវាកម្មដែលខ្ញុំរៀបរាប់ខាងលើ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់ទាំងអតិថិជនរបស់ក្រុមហ៊ុន តាំង គួង ផេ ទាំងអតិថិជនរបស់ធនាគារ ហ្វីលីព។ យើងរំពឹងថា កិច្ចសហការនេះ នឹងផ្តល់មកជាផ្លែផ្កានាថ្ងៃអនាគត»។
សូមជម្រាបថា ក្រុមហ៊ុនតាំង គួង ផេ ភីអិលស៉ី បានចាប់ផ្តើមបើកដំណើរការ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឆន្ទៈលើកកម្ពស់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ ក្រុមហ៊ុន តាំង គួង ផេ បានចាប់ដៃជាមួយធនាគារ ហ្វីលីព ដោយបង្កើត Trust Account (គណនីអាណាព្យាបាល) តាំងពីថ្ងៃ៩ ខែកញ្ញា ឆ្នាំ២០២០ មកម្ល៉េះ ប៉ុន្តែមិនទាន់បានរៀបចំកិច្ចសហការជាផ្លូវការនៅឡើយ រហូតមកដល់ថ្ងៃនេះទើបរៀបចំពិធីនេះឡើង ដើម្បីប្រកាសជាផ្លូវការ នូវកិច្ចសហការ រវាងក្រុមហ៊ុនទាំងពីរ។
ធនាគារ ហ្វីលីព ជាសមាជិករបស់ ហ្វីលីពកាពីតាល់គ្រុប ដែលមានមូលដ្ឋាននៅសឹង្ហបុរី។ កាលពីដើមឆ្នាំ ២០២០ ធនាគារជាតិនៃកម្ពុជា និងក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តជាផ្លូវការលើការរួមបញ្ចូលគ្នារវាងធនាគារ ហ្វីលីព និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រេឌីត។ ក្រោមការរួមបញ្ចូលគ្នា ធនាគារ ហ្វីលីព ភីអិលស៉ី ជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា ដែលមានច្រើនជាង៨០សាខាទូទាំងប្រទេស។ ធនាគារ ហ្វីលីព ភីអិលស៉ី ផ្តល់ជូនសេវាកម្ម និងផលិតផលហិរញ្ញវត្ថុដ៏សំបូរបែប តាមតម្រូវការរបស់ សាជីវកម្មធំៗ សហគ្រាសខា្នតតូចនិងមធ្យម និងបុគ្គល៕