(ភ្នំពេញ)៖ ក្រុមគ្រូពេទ្យផ្នែកវះកាត់ គ្រូពេទ្យទូទៅ និងគិលានុបដ្ឋាយិកាកម្ពុជាជិត៩០០នាក់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានបញ្ចប់វគ្គពង្រឹងជំនាញផ្នែកវះកាត់ ការប្រើប្រាស់ថ្នាំសណ្តំ នីតិវិធីនៃជំនាញវះកាត់ សម្រាលកូន និងជំនាញជាច្រើនទៀត តាមរយៈការបណ្តុះបណ្តាលពីកម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ ក្រោមការ ឧបត្ថម្ភពីមូលនិធិ GE ក្នុងគោលបំណងពន្លឿននូវសេវាវះកាត់ និងការប្រើប្រាស់ថ្នាំសណ្តំប្រកបដោយ សុវត្ថិភាពនៅទូទាំងពិភពលោក។

វគ្គបណ្តុះបណ្តាលនេះបានជួយលើកកម្ពស់ជំនាញដល់បុគ្គលិកផ្នែកវះកាត់នៅទូទាំងប្រទេសកម្ពុជា ព្រមទាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង របស់ក្រសួងសុខាភិបាល ក្នុងការពង្រឹងប្រព័ន្ធវះកាត់ និងអភិវឌ្ឍលើដំណោះស្រាយតាមមាត្រដ្ឋានដែលបានកំណត់ ដើម្បីជម្នះលើបញ្ហាប្រឈមនានា។

លោក David Barash ជានាយកប្រតិបត្តិមូលនិធិ GE បានឱ្យដឹងថា លទ្ធផលទាំងនេះបានពង្រឹងនូវគុណតម្លៃ និងសារៈសំខាន់កម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០។

តាមរយៈការឆ្លើយតបជាវិជ្ជមាននៅកម្ពុជា បានបញ្ជាក់ជាថ្មីថា ការកសាងមូលដ្ឋានប្រកបដោយនិរន្តរភាពនៅក្នុងវិស័យសំខាន់ៗដូចជា ឥទ្ធិពលនៃការថែទាំលើការវះកាត់ នវានុវត្តន៍ និងមាត្រដ្ឋាន នៅតែមានការជាប់ទាក់ទងគ្នា និងមានប្រសិទ្ធភាពដដែល ហើយការកសាងភាពជាដៃគូដ៏រឹងមាំ ជាមួយរដ្ឋាភិបាល គឺជាជំហានដំបូង ដ៏សំខាន់ ក្នុងការកំណត់ពីតម្រូវការក្នុងស្រុក ការកៀគរធនធាន និងការអភិវឌ្ឍផែនការជាតិ។

លោកវេជ្ជបណ្ឌិត Barash ក៏បានថ្លែងអំណរគុណចំពោះក្រសួងសុខាភិបាល មន្ទីរពេទ្យកាល់ម៉ែតនៅរាជធានីភ្នំពេញ ដែលបានអនុវត្តកម្មវិធីជាច្រើន និងអរគុណ ចំពោះដៃគូ សហការអនុវត្តន៍ចំនួនបួនរបស់មន្ទីរពេទ្យមានដូចជា អង្គការ Jhpiego, អង្គការ Assist International អង្គការ Harvard PGSSC and ក្រុមហ៊ុន Dalberg ដែលបានរួមចំណែកដ៏សកម្មដល់កម្មវិធីទាំងពីរដំណាក់កាល ក្នុងរយៈពេលកន្លងមកផងដែរ។

លោកស្រី Cheri Reynolds នាយកផ្នែកសុខភាពពិភពលោកនៃអង្គការ Assist International បានឱ្យដឹងដែរថា ការចូលរួមពីសំណាក់ក្រុមគ្រូពេទ្យឆ្នើមៗ ជួរមុខក្នុងស្រុក នៃកម្មវិធីនេះ គឺជាផ្នែកដ៏សំខាន់មួយរបស់ពួកយើងដែលបានរៀនសូត្រពីកម្ពុជា។ ដោយសារកម្មវិធីនេះដំណើរការស្របពេលជាមួយ នឹងការចាប់ផ្តើមផ្ទុះឡើង នូវជំងឺកូវីដ-១៩ វាក៏បានបញ្ជាក់ជាថ្មីថា នៅពេលដែលអ្នកពង្រឹងប្រព័ន្ធគាំពារសុខភាព អត្ថប្រយោជន៍គឺលើសពីការវះកាត់ទៅទៀត។

លោកស្រី Cheri Reynolds បានបន្ថែមថា តួយ៉ាងកម្ពុជាបាន បង្កើនចំនួនគ្រូពេទ្យផ្នែកសណ្តំដែលបានបណ្តុះបណ្តាល ដើម្បីផ្តល់ការប្រើប្រាស់ថ្នាំសណ្តំ ប្រកបដោយ សុវត្ថិភាពដោយមានការដាក់បន្ថែមបុគ្គលិកជំនាញៗបានកាន់តែច្រើនបន្ថែមទៀត ក្នុងការផ្តល់ការថែទាំដល់អ្នកជម្ងឺដែលត្រូវការជំនួយជាបន្ទាន់ ខាងផ្លូវដង្ហើម និងប្រព័ន្ធអុកស៊ីសែនក្នុងអំឡុងពេលផ្ទុះឡើងនៃជំងឺកូវីដ-១៩។

លោកវេជ្ជបណ្ឌិត ខាត់ ភូ ប្រធានផ្នែកប្រព័ន្ធសសៃប្រសាទ និងប្រព័ន្ធរំលាយអាហារ នៅមន្ទីរពេទ្យខេត្តកំពង់ចាមបានឱ្យដឹងថា ឱកាសស្វែងយល់ពីគោលការណ៍ អនុវត្តន៍ល្អៗ ផ្នែកវះកាត់ថ្មីៗតាមរយៈកម្មវិធីវះកាត់ដោយសុវត្ថិភាពឆ្នាំ២០២០ បានផ្តល់នូវអត្ថប្រយោជន៍ធំបំផុតសម្រាប់គាត់ ហើយវគ្គបណ្តុះបណ្តាលនេះ បាននាំមកនូវជំនាញ និងបច្ចេកទេសថ្មីៗដែលបានដាក់ឱ្យអនុវត្តយ៉ាងឆាប់រហ័សនៅតាមមន្ទីរពេទ្យនានាផងដែរ៕