(អាមេរិក)៖ ក្រុមហ៊ុនផលិតបន្ទះឈីបយក្សរបស់អាមេរិក Intel គ្រោងនឹងវិនិយោគ ៣០ពាន់លានរីងហ្គីត (ប្រហែល ៧,១ពាន់លានដុល្លារអាមេរិក) ដើម្បីបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកដ៏ទំនើបមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។
យោងតាមសេចក្ដីប្រកាសបានឱ្យដឹងថា រោងចក្រថ្មីនេះនឹងមានទីតាំងនៅតំបន់ Bayan Lepas ក្បែរអាកាសយានដ្ឋានអន្តរជាតិ ដោយវានឹងដើរតួយ៉ាងសំខាន់ក្នុងការវេចខ្ចប់គ្រឿងអេឡិចត្រូនិក ឬផលិតផលពាក់កណ្ដាលសម្រេចរបស់ក្រុមហ៊ុន Intel ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងតំបន់ និងក្រៅប្រទេស។
ក្រុមហ៊ុនអាមេរិកមួយនេះបានពឹងផ្អែកលើប្រទេសម៉ាឡេស៊ីសម្រាប់ប្រតិបត្តិការវេចខ្ចប់បន្ទះឈីបមួយចំនួន ដែលវាសង្វាក់ផលិតកម្មចុងក្រោយដ៏សំខាន់មួយសម្រាប់ឈានទៅដល់ការផលិតឧបករណ៍អេឡិចត្រូនិក ខណៈដែលបច្ចុប្បន្នកង្វះខាតបន្ទះឈីបដោយសារតែកូវីដ១៩ បានធ្វើឱ្យក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកជួបវិបត្តិខ្លាំងបំផុត។
ក្រុមហ៊ុន Intel បានចាប់ផ្តើមដំណើរការរោងចក្រផលិតបន្ទះឈីបចំនួនពីរនៅក្នុងរដ្ឋ Arizona សហរដ្ឋអាមេរិកក្នុងខែកញ្ញាកន្លងទៅនេះ ជាមួយនឹងទឹកប្រាក់វិនិយោគ ២០ពាន់លានដុល្លារអាមេរិក ហើយកាលពីថ្មីៗនេះនេះ លោក Gelsinger បាននិយាយនៅក្នុងសុន្ទរកថាមួយថា Intel ប្តេជ្ញានឹងធ្វើជាក្រុមហ៊ុន «ផលិតឧបករណ៍អេឡិចត្រូនិកពាក់កណ្ដាលសម្រេច» ឱ្យធំតែមួយគត់របស់អាមេរិក ដែលផ្នែកទាំងរចនា និងផលិតបន្ទះឈីប។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុន Samsung Electronics បានប្រកាសវិនិយោគ ១៧ពាន់លានដុល្លារអាមេរិក ដើម្បីបង្កើតរោងចក្រផលិតបន្ទះឈីបថ្មីមួយនៅរដ្ឋតិចសាស់ ដែលជាផ្នែកមួយនៃការជំរុញរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការកាត់បន្ថយនាំយកឧបករណ៍អេឡិចត្រូនិកពាក់កណ្ដាល សម្រេចពីប្រទេសចិន ទន្ទឹមនឹងនោះដែរ ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ បាននិយាយកាលពីខែមិថុនាថា ខ្លួនបានចាប់ផ្តើមសាងសង់រោងចក្រផលិតបន្ទះឈីបតម្លៃ ១២ពាន់លានដុល្លារអាមេរិកនៅក្នុងរដ្ឋ Arizona ផងដែរ៕