(ភ្នំពេញ)៖ បន្ទាប់ពីត្រូវបានផ្តល់ឱកាសឲ្យសម្តែងជាតួអង្គឯក នៅក្នុងខ្សែភាពយន្តខ្នាតធំរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តស្តែងចេញពីការតស៊ូរំដោះជាតិមាតុភូមិ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួចមក លោក ប៉ាន់ ខែមម៉ានូ បានបង្ហើបពីចំណុចសំខាន់ៗមួយចំនួន ដែលលោកត្រូវបានថ្នាក់ដឹកនាំផ្ដល់ទំនុកចិត្ត ជ្រើសឲ្យសម្តែងជាតួអង្គដ៏សំខាន់ក្នុងរឿងនេះ។

ថ្លែងប្រាប់ Fresh News Plus នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ តារាសម្តែងបែបបុរាណ លោក ប៉ាន់ ខែមម៉ានូ បានឲ្យដឹងថា កន្លងមកលោកធ្លាប់បានសម្តែងនៅក្នុងរឿងមួយចំនួន ប៉ុន្តែមិនមែនជារឿងបែបសម័យនោះទេ ពោលគឺជារឿងបែបបុរាណ ដូចជា យីកេ និងល្ខោនបាសាក់ជាដើម។ ជាមួយគ្នានេះ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺជាភាពយន្តខ្នាតធំលើកទី១ហើយ ដែលលោកចូលរួមសម្តែង និងជារឿងបែបប្រវត្តិសាស្ត្ររបស់ថ្នាក់ដឹកនាំកំពូល នៃប្រទេសកម្ពុជាទៀតផង។

លោក ប៉ាន់ ខែមម៉ានូ ដែលត្រូវបានគេស្គាល់ថា ជាប្អូនប្រុសបង្កើតរបស់លោក ប៉ាន់ ខែមប៊ុនថន បានបញ្ជាក់ពីមូលហេតុដែលលោកត្រូវបានជ្រើសរើសឲ្យសម្ដែងក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ឲ្យដឹងថា ដោយសារតែថ្នាក់ដឹកនាំយល់ឃើញថា រូបលោកមានមុខមាត់ស្រដៀងទៅនឹងសម្តេចតេជោ ហ៊ុន សែន កាលពីនៅក្មេង ជាពិសេសពេលតុងតែងខ្លូនជាកងទ័ព។ ម្យ៉ាងទៀតកន្លងមករូបលោកក៏ធ្លាប់សម្តែង នៅក្នុងបទចម្រៀងរបស់សម្តេចតេជោ ដូចជាបទ «កំសត់កូនពុក» ជាដើមផងនោះ រួមនឹងកត្តា អំណោយផលពីធម្មជាតិមួយចំនួនទៀត ទើបលោកត្រូវបានគណៈកម្មការរៀបចំថតជ្រើសយករូបលោក។

ទន្ទឹមនឹងការផ្តល់កិត្តិយសដ៏ធំធេងនេះ លោកបានសង្កត់ធ្ងន់ថា លោកនឹងប្តេជ្ញាចិត្តខិតខំសម្តែងឲ្យអស់ពីសមត្ថភាព តាមអ្វីដែលអ្នកដឹកនាំសម្តែង និងថ្នាក់ដឹកនាំចង់បាន ដោយឈរលើសមត្ថភាពដែលលោកមាន ទោះបីដឹងថាភាពយន្តនេះ មានការលំបាកច្រើន អំឡុងពេលសម្តែងក៏ដោយ ពោលគឺលោកបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីថតឲ្យជោគជ័យតាមការគ្រោងទុក។ ក្នុងរឿងមានឈុតឆាកពិបាកៗច្រើន គឺត្រូវឆ្លងកាត់ព្រៃ ឆ្លងទឹក ឆ្លងកាត់ការប្រយុទ្ធនឹងសង្គ្រាម ឆ្លងកាត់អារម្មណ៍ឈឺចាប់នៃការបែកបាក់ប្រពន្ធកូន…. ដោយលោកបានតាំងចិត្តនឹងសម្តែងឲ្យបានល្អ។

រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តប្រវត្តិសាស្រ្ត ឆ្លុះបញ្ចាំងពីជីវិតពិតៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាកុលបុត្រដ៏ឆ្នើមទាំងទ្វេ ក្នុងការតស៊ូសង្គ្រោះជាតិមាតុភូមិ និងប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបយង់ឃ្នងប្រល័យពូជសាសន៍ ប៉ុល ពត ខណៈភាពយន្តនេះទទួលបានការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន បានប្រារព្ធពិធីក្រុងពាលី បើកដំណើរការផលិតឡើង នៅព្រឹកថ្ងៃចន្ទ ខែមគិសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញនេះ។

គួរជម្រាបថា ក្នុងខ្សែភាពយន្តប្រវត្តិសាស្ត្រ នៃការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ចំណងជើងថា «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» គឺមានកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន ជាតួឯកស្រី ខណៈតួឯកប្រុស គឺសម្តែងដោយ លោក ប៉ាន់ ខែមម៉ានូ។ រឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដោយអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្រុមការងារបានជ្រើសរើសតួសម្ដែងសំខាន់ៗចំនួន ១០៣នាក់ តួប្រជាជនយ៉ាងតិច ៥០០នាក់ ព្រមទាំងកម្លាំងអង្គរក្សចូលរួម ៥០០នាក់ផ្សេងទៀត៕