(ភ្នំពេញ)៖ ធនាគារប្រៃសណីយ៍កម្ពុជា នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយក្រុមហ៊ុន ទ្រូម៉ាន់នី ក្នុងគោលដៅ អនុញ្ញាតឱ្យអតិថិជនរបស់ធនាគារ និងសាធារណជនទាំងអស់អាចធ្វើការដាក់ប្រាក់ចូលក្នុងគណនីធនាគារប្រៃសណីយ៍កម្ពុជា ឬទូទាត់សងឥណទានតាមរយៈភ្នាក់ងារ ទ្រូម៉ាន់នី ទូទាំងប្រទេសជាមួយប្រព័ន្ធបាគង។
សូមបញ្ជាក់ថា អតិថិជនអាចធ្វើដំណើរទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី ជាង ១០,០០០ទីតាំង ទូទាំងប្រទេសដែលនៅជិតខ្លួនបំផុតដោយគ្រាន់តែផ្តល់នូវលេខគណនី ធនាគារ របស់ខ្លួនទៅកាន់ភ្នាក់ងាររបស់ទ្រូម៉ាន់នី។ អតិថិជនទាំងអស់ក៏អាចធ្វើការផ្ទេរប្រាក់មកកាន់គណនីធនាគារប្រៃសណីយ៍កម្ពុជា តាមរយៈកម្មវិធីទូរស័ព្ទដៃ របស់ទ្រួម៉ាន់នីបានដូចគ្នា។
ពិធីចុះហត្ថលេខាភាពជាដៃគូនេះ បានប្រារព្វឡើងនៅទីស្នាក់ការកណ្តាលរបស់ធនាគារ ប្រៃសណីយ៍កម្ពុជា ដោយមានការចូលរួមពីសំណាក់លោក តូច ចៅចេក ប្រធាននាយកប្រតិបត្តិនៃធនាគារ ប្រៃសណីយ៍កម្ពុជា និងលោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ ក្រុមហ៊ុនទ្រូម៉ាន់នី រួមនឹងថ្នាក់ដឹកនាំ ជាច្រើនរូបនៃស្ថាប័នទាំងពីរ។
លោក តូច ចៅចេក បានលើកឡើងថា កិច្ចសហប្រតិបត្តិការមួយនេះធ្វើឡើងក្រោមគោលដៅរួមដើម្បីបម្រើផ្តល់សេវាកាន់តែងាយស្រួលដល់អតិថិជន ហើយក៏ជា យុទ្ធសាស្រ្ត របស់ស្ថាប័នទាំងពីរ ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ឱ្យទទួលបាននូវការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឱ្យកាន់តែរហ័ស កាត់បន្ថយការចំណាយ ចំណេញពេលវេលា និងមានសុវត្ថិភាពខ្ពស់។
លោកស្រី ឃួន ហ្វ្រង់ដារា បានលើកឡើងដែរថា ទ្រូម៉ាន់នី មានមោទនភាពដែលបានក្លាយជាដៃគូជាមួយស្ថាប័នហិរញ្ញវត្ថុដ៏មានកេរ្ដិ៍ឈ្មោះ និងគួរឱ្យកោតសរសើរ។ ទ្រូម៉ាន់នី ត្រៀមខ្លួនរួចជាស្រេចក្នុងការផ្ដល់សេវាកម្មដ៏មានសារៈប្រយោជន៍បំផុតជូនដល់អតិថិជនទាំងទ្រូម៉ាន់នី និងធនាគារប្រៃសណីយ៍កម្ពុជា។
ធនាគារ ប្រៃសណីយ៍កម្ពុជា ក៏មានបម្រើសេវាហិរញ្ញវត្ថុជាច្រើនសន្ធឹកសន្ធាប់ផ្សេងទៀតរួមមាន៖ សេវាឥណទាន សេវាបញ្ញើសន្សំ សេវាអេធីអឹម សេវាធនាគារចល័ត តាមទូរសព្ទ ប័ណ្ណឥណទាន និងឥណពន្ធវីសា សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស និងសេវាហិរញ្ញវត្ថុជាច្រើនទៀត ជាពិសេសគ្រប់ការធ្វើប្រតិបត្តិការទាំងអស់ ដែលចេញ ពីធនាគារប្រៃសណីយ៍កម្ពុជា នឹងមិនមានការគិតកម្រៃសេវាឡើយ៕