(សិង្ហបុរី)៖ អតីតម្ចាស់ពានរង្វាន់ជើងឯក ៥រដូវកាលថៃ បានឡើងទៅកាន់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ AFF Suzuki Cup 2020 បន្ទាប់ពីយកឈ្នះលើក្រុមហ្វីលីពីន ដោយលទ្ធផល ២-១ ក្នុងការប្រកួតសន្សំពិន្ទុក្នុងពូល A របស់ពួកគេនៅឯពហុកីឡដ្ឋានជាតិសិង្ហបុរីរាត្រីថ្ងៃអង្គារ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នេះគឺជាជ័យជម្នះលើកទី ៣ហើយនៅឯការប្រកួតពានប្រចាំតំបន់ក្នុងឆ្នាំនេះសម្រាប់ក្រុមថៃ ដែលដឹកនាំដោយគ្រូបង្គោល លោក Alexandre Polking ដោយបានយកឈ្នះលើក្រុមទីម័រខាងកើត ២-០ និងលើក្រុមមីយ៉ាន់ម៉ា ៤-០ កាលពីពេលកន្លងទៅ ឡើងទៅឈរនៅកំពូលតារាងដោយមាន ៩ពិន្ទុពេញ។

ថៃ ជាក្រុមដែលទទួលបានជ័យជម្នះពាន Suzuki ច្រើនបំផុត ដោយដណ្តើមបានពានរង្វាន់ក្នុងឆ្នាំ១៩៩៦, ២០០០, ២០០២, ២០១៤ និងចុងក្រោយក្នុងឆ្នាំ២០១៦៕