(អាមេរិក)៖ តារាចម្រៀងវ័យក្មេង ល្បីឈ្មោះបោះសំឡេងរបស់អាមេរិក គឺ Billie Eilish បានដាច់ចិត្តទម្លាយប្រាប់មហាជនថា នាងបានឆ្លងកូវីដ-១៩ កាលពីខែសីហាកន្លងទៅ ហើយថា នាងទំនឹងជានឹងស្លាប់ដោយសារជំងឺដ៏កាចសាហាវមួយនេះ ប្រសិនបើមិនបានចាក់វ៉ាក់សាំង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Guardian នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លេចវត្តមានក្នុងកម្មវិធី «Howard Stern’s US Radio Show» នៅថ្ងៃច័ន្ទសប្តាហ៍នេះ តារាចម្រៀងវ័យ២០ឆ្នាំ Eilish បាននិយាយថា វ៉ាក់សាំងនេះ គឺពិតជាអស្ចារ្យខ្លាំងណាស់ ហើយវាបានជួយមនុស្សម្នាទាំងអស់ រួមទាំងក្រុមការងាររបស់នាង និងក្រុមគ្រួសារនាង និងមានទាំងមិត្តភក្តិនាង ដើម្បីការពារជំងឺកូវីដ-១៩ទៀតផង។

ម្ចាស់ពានរង្វាន់ Grammy Awards រូបនេះ បានសង្កត់ធ្ងន់ថា «ខ្ញុំចង់បញ្ជាក់ថា នេះព្រោះតែវ៉ាក់សាំង ទើបធ្វើឲ្យខ្ញុំមិនមានបញ្ហាអីទាំងអស់ ខ្ញុំគិតថា ប្រសិនជាខ្ញុំមិនបានចាក់វ៉ាក់សាំង ប្រហែលជាខ្ញុំស្លាប់បាត់ទៅហើយ ដោយសារតែជំងឺនេះគឺអាក្រក់ខ្លាំងណាស់»

គួរជម្រាបថា តារាចម្រៀង Billie Eilish ត្បិតមានវ័យត្រឹម២០ឆ្នាំក៏ពិតមែន ប៉ុន្តែតាមរយៈស្នាដៃចម្រៀងរបស់នាង បានធ្វើឲ្យតារាស្រីរូបនេះ មានភាពល្បីល្បាញយ៉ាងខ្លាំង រហូតឈ្នះពានរង្វាន់ពីកម្មវិធីផ្នែកតន្រ្តីធំៗជាបន្តបន្ទាប់។ ថ្មីៗនេះ Billie Eilish ទើបតែទទួលបានការតែងតាំងសម្រាប់ពានរង្វាន់ «Album of the Year» ក្នុងកម្មវិធី Grammy Awards តាមរយៈអាល់ប៊ុមចម្រៀងចំនួន២របស់នាង៕