(អាមេរិក)៖ ក្រុមហ៊ុន Toyota Motor នឹងបណ្តាក់ទុនចំនួន ៤ពាន់ពាន់លានយ៉េន (ប្រហែល ៣៥ពាន់លានដុល្លារអាមេរិក) រហូតដល់ឆ្នាំ ២០៣០ ក្នុងការអភិវឌ្ឍន៍រថយន្តអគ្គិសនី (EV) ខណៈដែលក្រុមហ៊ុនជប៉ុនមួយនេះកំណត់គោលដៅលក់រថយន្ត EV និងរថយន្តផ្សេងទៀតឱ្យបាន ៣,៥លានគ្រឿងនៅទូទាំងពិភពលោក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkei Asia នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១។

ក្រុមហ៊ុនផលិតរថយន្តដែលមានអាយុកាលជាង ៨០ឆ្នាំមួយនេះ បានឱ្យដឹងថា នឹងចំណាយទឹកប្រាក់ទឹកប្រាក់ចំនួន ៨ពាន់ពាន់លានយ៉េននៅត្រឹមឆ្នាំ ២០៣០ ជាពីរផ្នែក ដោយផ្នែកទី១គឺសម្រាប់ធ្វើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) និងផ្នែកទី២ សម្រាប់វិនិយោគបន្ថែម ទៅលើរថយន្ត EV, hybrid និងរថយន្តប្រើប្រេងឥន្ធនៈ ហើយក្រុមហ៊ុនក៏បានបង្កើនគោលដៅលក់ឱ្យបានរហូតដល់ ៧៥ភាគរយផងដែរ។

ដោយផ្អែកលើគោលដៅចុងក្រោយ Toyota នឹងវិនិយោគប្រហែល ២ពាន់ពាន់លានយ៉េនក្នុងការអភិវឌ្ឍន៍អាគុយទៅលើបច្ចេកវិទ្យាផលិតអាគុយរថយន្ត EV ដែលទំហំទឹកប្រាក់នេះ វាបានការកើនឡើង ៣០ភាគរយ ពីផែនការដែលបានប្រកាសកាលពីខែកញ្ញា ខណៈដែលក្រុមហ៊ុនមួយនេះតែងតែបណ្តាក់ទុនថ្មីចំនួន ១ពាន់ពាន់លានយ៉េន ទៅលើគម្រោង R&D។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តនេះនឹងចាប់ផ្តើមលក់រថយន្ត EV សុទ្ធនៅទូទាំងពិភពលោក នាឆ្នាំ ២០២២ ដោយចាប់ផ្តើមជាមួយនឹងម៉ូដែល bZ4X ហើយនៅឆ្នាំ ២០២៥ ក្រុមហ៊ុនតូយ៉ូតានឹងបញ្ចេញរថយន្តថ្មីៗរហូតដល់ជិត ១០ម៉ូដែល៕