(ភ្នំពេញ)៖ ការប្រកួតកីឡាកាយសម្ព័ន្ធជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៥ ឆ្នាំ២០២១ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតជិត ១សប្ដាហ៍នៅក្លិបសាលាលេខ៥ នាខេត្តកំពង់ឆ្នាំង ខណៈមន្ដ្រីជំនាញបានធ្វើការវាយតម្លៃខ្ពស់ ចំពោះវិញ្ញាសាកាយសម្ព័ន្ធអាអេរ៉ូប៊ិក ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់។ នេះបើតាមការបញ្ជាក់របស់លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធ។

លោក ណយ ផាណា ថា គោលបំណងនៃការប្រកួតនេះ គឺដើម្បីសម្រួចគុណផលកីឡាកាយសម្ព័ន្ធឆ្ពោះទៅចូលរួមប្រកួតស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាមផង និងត្រៀមទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ ពិសេសផ្នែកកាយសម្ព័ន្ធអាអេរ៉ូប៊ិក ត្រូវបានផ្តោតសំខាន់ សម្រាប់ត្រៀមព្រឹត្តិការណ៍សំខាន់ៗទាំងពីរ ដ្បិតសហព័ន្ធក៏ត្រៀមបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅចិន ដើម្បីពង្រឹងសមត្ថភាពន្ថែមផងដែរ។

អ្នកជំនាញខាងលើបន្ដថា ឆ្លងកាត់ការប្រកួតប៉ុន្មានថ្ងៃមកនេះ សម្រាប់វិញ្ញាសាកីឡាកាយសម្ព័ន្ធអាអេរ៉ូប៊ិក មានការកើនឡើងបច្ចេកទេសច្រើន ពិបាកតែវិញ្ញាសាកាយសម្ព័ន្ធអាទីស្ទីកប៉ុណ្ណោះ ដោយសារខ្វះខាតឧបករណ៍ហ្វឹកហាត់អំឡុងវិបត្តិកូវីដ-១៩។ តែជារួមលោកបានវាយតម្លៃលើការរៀបចំ និងលក្ខណៈបច្ចេកទេសនៃការប្រកួត គឺអាចទទួលយកបាន ហើយលោកសង្ឃឹមថា កីឡាករ-កីឡាការិនី នឹងកាន់តែខំប្រឹងបន្ថែមទៀត។

ទន្ទឹមជាមួយគ្នា លោកក៏បានថ្លែងអំណរគុណប្រធានសហព័ន្ធ បណ្ឌិត ថោង ខុន ដែលតែងចំណាយពេល និងផ្ដល់លទ្ធភាពជាច្រើន សម្រាប់សហព័ន្ធរៀបចំការប្រកួត ពិសេសការយកចិត្តទុកដាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ចំពោះយុទ្ធសាស្ដ្រចាក់ស្រោចវ៉ាក់សាំង ធ្វើឲ្យពលរដ្ឋទទួលបានវ៉ាក់ស្ទើរ ១០០% រហូតឈានដល់ការបើកជើងមេឃរំលែកទុក្ខព្រួយប្រជាជន តាមរយៈការបើកប្រទេសគ្រប់វិស័យឡើងវិញ រួមទាំងវិស័យកីឡា ដើម្បីពង្រឹងការអភិវឌ្ឍត្រៀមឆ្ពោះទៅរកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនាឆ្នាំ២០២៣។

សម្រាប់ការប្រកួតកីឡាកាយសម្ព័ន្ធជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំនេះ សហព័ន្ធបានរៀបចំការប្រកួតវិញ្ញាសាអាអេរ៉ូប៊ិច ៥វិញ្ញាសា និងអាទីស្ទីក ៦វិញ្ញាសា។ ក្រោយឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញរយៈពេល ៦ថ្ងៃចាប់ពីថ្ងៃទី០៨-១៣ ខែធ្នូ ជាលទ្ធផលក្លិបក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយ ៩គ្រឿង (មាស៤ ប្រាក់៣ និងសំរឹទ្ធ២), ខេត្តក្រចេះ ដណ្ដើមបានមេដាយ ១០គ្រឿង (មាស៣ ប្រាក់៥ និងសំរឹទ្ធ២), ខេត្តកំពង់ឆ្នាំង ដណ្ដើមបានមេដាយ ១០គ្រឿង (មាស៣ ប្រាក់៣ និងសំរឹទ្ធ៤) និងខេត្តតាកែវ ដណ្ដើមបានមេដាយ ៤គ្រឿង (មាស១ និងសំរឹទ្ធ៣)៕