(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិឡាវនាវេលាម៉ោង ៤៖៣០នាទីល្ងាចនេះនៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី នៃពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki cup 2020 ពូលB។ ចាំមើលតើក្រុមគោព្រៃកម្ពុជា អាចដណ្ដើមបាន ៣ពិន្ទុដំបូងក្នុងព្រឹត្តិការណ៍ប្រចាំតំបន់នេះដែរទេ?

បច្ចុប្បន្នក្រុមទាំងពីរ មិនទាន់មានពិន្ទុរ៉ាប់នោះទេ បន្ទាប់ពីបរាជ័យផ្ទួនៗ ក្នុងនោះកម្ពុជា បានចាញ់ ២ប្រកួតក្រោមថ្វីជើងឥណ្ឌូនេស៊ី និងម៉ាឡេស៊ី ខណៈឡាវ ចាញ់ ៣ប្រកួតជាប់គ្នា ។ ដូច្នេះនេះគឺជាឱកាស ដើម្បីប្រជែងពិន្ទុលើកដំបូង ពិសេសសម្រាប់ក្រុមគោព្រៃកម្ពុជា ទោះបីកម្ពុជាស្ទើរតែអស់ឱកាសប្រជែងកៅអីវគ្គបន្ដក៏ដោយ។

គួរដឹងថា ក្នុងពូល B ពេលនេះ មានបេក្ខភាព ៣ក្រុម ដែលមាន ៦ពិន្ទុស្មើគ្នា រួមមានឥណ្ឌូនេស៊ី វៀតណាម និងម៉ាឡេស៊ី ដោយក្រុមនីមួយៗ នៅសល់ ២ប្រកួតក្នុងដៃទៀត លើកលែងម៉ាឡេស៊ី ដែលនៅសល់ត្រឹម ១ប្រកួត។ ក្រឡេកទៅពូល A វិញ បានរកឃើញបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រទៅហើយ រួមមានថៃ និងម្ចាស់ផ្ទះសិង្ហបុរី ក្រោយយកឈ្នះ ៣ប្រកួតជាប់គ្នា និងរកបាន ៩ពិន្ទុស្មើគ្នា មុនជំនួបបញ្ចប់ពូល នាចុងសប្ដាហ៍នេះ៕