(មេនឆេស្ទឺ)៖ ខ្សែការពារកណ្តាលរបស់ក្លិប Manchester United កីឡាករ Victor Lindelof មានសុខភាពល្អឡើងវិញហើយ ពីបញ្ហាពិបាកដកដង្ហើម ដែលបានបង្ខំឲ្យរូបលោកត្រូវប្តូរចេញ ក្នុងការប្រកួតឈ្នះក្រុម Norwich City កាលពីចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការបញ្ជាក់ពីក្លិបដែលលេងនៅលីគ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិស៊ុយអែត វ័យ ២៧ឆ្នាំរូបនេះត្រូវបានចូលលេងជំនួសដោយកីឡាករ Eric Bailly ក្នុងតង់ទី២ នៅឯកីឡដ្ឋាន Carrow Road បន្ទាប់ពី «ពិបាកដកដង្ហើម» និង «ឈឺដើមទ្រូង» នេះបើតាមការឲ្យដឹងពីអ្នកចាត់ការលោក Ralf Rangnick។

ក្លិប United បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «Victor បច្ចុប្បន្ន កំពុងស្ថិតក្រោមការតាមដានសុខភាពយ៉ាងយកចិត្តទុកដាក់។ យ៉ាងណាក្តី គាត់បានធូរស្បើយឡើងវិញពីអ្វីដែលបានកើតឡើងចំពោះគាត់ ក្នុងការប្រកួតឈ្នះក្រុម Norwich ១-០»

ក្លិបបន្ថែមថា ស្ថានភាពរបស់កីឡាករ Lindelof មិនមានការជាប់ពាក់ព័ន្ធនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងក្លិបនោះទេ។

គួររំលឹកថា ការប្រកួតក្នុង Premier League របស់ក្លិប United ប៉ះក្រុម Brentford ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃអង្គារត្រូវបានពន្យារពេល ដោយសារតែការរកឃើញករណីវិជ្ជមានកូវីដ១៩ មួយចំនួននៅក្លិបដែលមានមូលដ្ឋាននៅទីក្រុង Manchester ប្រទេសអង់គ្លេសមួយនេះ៕