(វេសមីដលេន)៖ អ្នកចាត់ការក្លិបបាល់ទាត់ Aston Villa លោក Steven Gerrard បានលើកឡើងថា ក្លិបអាចនឹងពិភាក្សា ពីស្ថានភាពនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់កីឡាករគោលដៅដែលនឹងត្រូវចុះកិច្ចសន្យាផ្ទេរចូល នៅពេលដែលពួកគេ កំពុងស្វែងរកការពង្រឹងសមត្ថភាពក្រុមរបស់ពួកគេ នៅអំឡុងពេលរដូវកាលផ្ទេរកីឡាករនៅខែមករាឆ្នាំក្រោយ ស្របពេលដែលមានការកើនឡើង ករណីឆ្លងជំងឺកូវីដ១៩ នៅបណ្តាក្លិបធ្វើឲ្យមានការកើនឡើងនូវការព្រួយបារម្ភ ពីការផ្អាកការប្រកួតជាញឹកញាប់។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

លីគ Premier League បានឲ្យដឹងនៅថ្ងៃអង្គារថា ខ្លួនបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចំនួន ៤២ករណីក្នុងចំណោមកីឡាករ និងបុគ្គលិក នៅតាមបណ្តាក្លិបកាលពីសប្តាហ៍មុន។ ភ្លាមៗមុនពេលការប្រកួតរបស់ក្រុម Manchester United ដែលត្រូវប៉ះ Brentford ត្រូវបានពន្យារពេល ដោយសារតែការផ្ទុះឡើងករណីឆ្លងនៅក្លិបដែលលេងនៅកីឡដ្ឋាន Old Trafford នេះ។

លីគកំពូលរបស់អង់គ្លេស កំពុងស្ថិតនៅក្នុងពេលវេលាដ៏មមាញឹកបំផុតក្នុងរដូវកាលនេះ ជាមួយនឹងក្រុមដែលលេងនៅ League Cup ត្រូវប្រកួតយ៉ាងហោចណាស់ ២ដងក្នុង ១សប្តាហ៍រហូតដល់សប្តាហ៍ដំបូងនៃខែមករា ហើយការលុបចោលការប្រកួតបន្ថែមទៀត អាចធ្វើឲ្យក្លិបប្រឈមមុខនឹង ការប្រកួតដែលមិនពេញចិត្ត។

ការប្រកួតរបស់ United ដែលត្រូវប៉ះនឹងក្រុម Brentford គឺជាការប្រកួតលើកទី២ ហើយដែលត្រូវបានពន្យារពេលក្នុងរដូវកាលនេះ ដោយសារតែការផ្ទុះឡើង នៃជំងឺកូវីដ១៩ បន្ទាប់ពីការប្រកួតរបស់ក្រុម Tottenham Hotspur ប៉ះ Brighton & Hove Albion កាលពីចុងសប្តាហ៍កន្លងទៅ ដែលត្រូវបានពន្យារពេលនោះ។

ចាប់ពីថ្ងៃពុធទៅ អ្នកគាំទ្រក៏នឹងត្រូវបង្ហាញពីបណ្ណចាក់វ៉ាក់សាំងចំនួន ២ដូសស្ថិតក្រោមវិធានការ «គម្រោង B» របស់អង់គ្លេស ដើម្បីទប់ស្កាត់ការរីករាលដាល មេរោគបំប្លែងថ្មីអូមីក្រុង ដែលត្រូវបានបោះឆ្នោតគាំទ្រដោយសមាជិកសភានៅថ្ងៃអង្គារ។

គួរជម្រាបថា Villa ដែលកំពុងឈរនៅលេខរៀងទី៩ ក្នុងតារាងនោះបានយកឈ្នះក្រុមបាតតារាង Norwich City ក្នុងលទ្ធផល ២-០ នារាត្រីថ្ងៃអង្គារផងដែរនៃ Premier League៕