(ម៉ូនិច)៖ កីឡាករខ្សែប្រយុទ្ធ Robert Lewandowski តាមស្មើកំណត់ត្រាស៊ុតបាន ៤២គ្រាប់ច្រើនជាងគេក្នុង ១ឆ្នាំនៃលីគកំពូលអាល្លឺម៉ង់ Bundesliga នៅពេលជួយ Bayern Munich បំបាក់ម្ចាស់ផ្ទះ Stuttgart ៥-០ យប់មិញនេះ។

គ្រាប់ទី២ របស់កីឡាករអន្តរជាតិប៉ូឡូញនៅរាត្រីឆ្លងចូលថ្ងៃពុធនោះ គឺគម្រប់បាន ៤២គ្រាប់ក្នុងឆ្នាំ២០២១ នេះស្មើជាមួយ Muller ដែលធ្វើបានកាលឆ្នាំ១៩៧២។

ក្នុងជំនួបនោះដែរ Serge Gnabry ក៏រកបាន ១គ្រាប់ផងដែរមុនបញ្ចប់វគ្គទី១ ដើម្បីជួយ Bayern នាំមុខ Stuttgart ១-០ នៅពេលដែល Lewandowski រកបាន ២គ្រាប់ផ្ទួនៗត្រឹមតែ ៣នាទីប៉ុណ្ណោះក្នុងវគ្គទី២ គ្រាដែលកីឡាករអាល្លឺម៉ង់ Gnabry បន្ថែម ២គ្រាប់ទៀត ដើម្បីធ្វើបានហែតទ្រីក។

ប្រធានក្រុមជម្រើសជាតិប៉ូឡូញ Lewandowski ត្រូវការតែ ១គ្រាប់ទៀតប៉ុណ្ណោះក្នុងដីពេល Bayern Munich ស្វាគមន៍ក្រុមភ្ញៀវ Wolfsburg នៅរាត្រីឆ្លងចូលថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីក្លាយជាស៊ុតច្រើនជាងគេក្នុងមួយប្រតិទិននៅ Bundesliga។

តាមរយៈជ័យជម្នះនេះដែរ បានធ្វើឲ្យក្រុមរបស់លោក Julian Nagelsmann បន្តនាំមុខកំពូលតារាងដាច់ ៩ពិន្ទុក្នុងតារាង Bundesliga ពីក្រុមលេខ២ Borussia Dortmund ដែលត្រូវប៉ះក្រុមបាតតារាង Greuther Furth នៅរាត្រីពុធនេះផងដែរ និងកាត់បន្ថយមកនៅត្រឹម ៦ពិន្ទុវិញ ប្រសិនបើពួកគេឈ្នះក្នុងដីយប់នេះ៕