(ភ្នំពេញ)៖ កីឡាករ ផល សិលា បានរក្សាភាពខ្លាំងរបស់ខ្លួនលើវិញ្ញាសា RS:One នៃការប្រកួតកីឡាទូកក្ដោងជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ដោយរក្សាចំណាត់ថ្នាក់លេខ១ ទាំង ២ថ្ងៃជាប់គ្នា បន្ទាប់ពីឆ្លងកាត់ការប្រកួតដ៏ស្វិតស្វាញលើផ្ទៃសាគរ នាតំបន់ឆ្នេរសុខា ខេត្តព្រះសីហនុនៅដើមសប្ដាហ៍នេះ។
វិញ្ញាសា RS:One មានគូប្រជែង ៥រូបរួមមានកីឡាករកម្ពុជា ៣រូប និងសិង្ហបុរី ២រូប។ ជាលទ្ធផលកីឡាករកម្ពុជា ធ្វើបានយ៉ាងល្អ ក្នុងនោះកីឡាករ ផល សិលា បន្ដឈរលេខ១ ខណៈកីឡាករ សែម ប្រុសពៅ ឈរលេខ២ និងកីឡាករ ហេន សុភី លេខ៣ ស្របពេលកីឡាករសិង្ហបុរីឈរលេខ៤ និងលេខ៥ ទាំង ២ថ្ងៃជាប់គ្នា។
ចំណែកលទ្ធផលការប្រកួតថ្ងៃទី២ ចំនួន ៤វិញ្ញាសាផ្សេងទៀតរួមមាន៖
១- វិញ្ញាសា ILCA 4 កីឡាករសិង្ហបុរី ឡើងឈរលេខ១ និងលេខ២ ឯកីឡាករម៉ាឡេស៊ី ឈរលេខ៣។ ប៉ុន្ដែវិញ្ញាសានេះ កម្ពុជាពុំបានបញ្ជូនកីឡាករចូលរួមប្រកួតនោះទេ។
២- វិញ្ញាសា ILCA 6 កីឡាករកម្ពុជា ២រូប បន្ដឈរលេខ៤ និងលេខ៥ ក្នុងចំណោមកីឡាករ ៥រូប គ្រាដែលកីឡាករសិង្ហបុរី រក្សាចំណាត់ថ្នាក់លេខ១ លេខ២ និងលេខ៣។
៣- វិញ្ញាសា ILCA 7 កីឡាករកម្ពុជា ញូវ ចាន់ បានធ្លាក់ពីលេខ១ មកឈរលេខ២ បណ្ដោះអាសន្ន ខណៈកីឡាករម៉ាឡេស៊ី ឡើងឈរលេខ១។ ចំណែកកីឡាករ ឡុច ដារ៉ុង បន្ដឈរលេខ៣។
៤- វិញ្ញាសា Techno 293 កីឡាករកម្ពុជា កែវ ភារុណ បានធ្លាក់ពីលេខ១ មកលេខ២ បណ្ដោះអាសន្ន ខណៈកីឡាករសិង្ហបុរី បានឡើងឈរលេខ១ វិញ។ វិញ្ញាសានេះ មានកីឡាករសរុប ៨រូប ក្នុងនោះមានកីឡាករកម្ពុជា ៥រូប។
យោងតាមគណៈកម្មការរៀបចំការប្រកួត បានឲ្យដឹងថា ព្រឹត្តិការណ៍ប្រចាំតំបន់នេះ មានកីឡាករ-កីឡាការិនីចូលរួមសរុប ២៧នាក់ មកពី ៣ប្រទេស ដោយប្រកួតលើ ៥វិញ្ញាសា ហើយវិញ្ញាសានីមួយៗត្រូវធ្វើការប្រកួតចំនួន ១៦ជុំ បន្ទាប់មកទើបបូកសរុបលទ្ធផល និងកំណត់ជយលាភី ខណៈបច្ចុប្បន្នប្រកួតបាន ៧ជុំហើយ។ ព្រឹត្តិការណ៍នេះរៀបចំឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៧ ខែធ្នូ ឆ្នាំ២០២១ នេះ នៅខេត្ដព្រះសីហនុ៕