(មេនឆេស្ទើ)៖ Manchester City បានបំបាក់ក្រុម Leeds United ៧-០ ក្នុងលីគអង់គ្លេស Premier League សប្តាហ៍ទី១៧ ដែលខ្សែបម្រើប្រយុទ្ធឆ្នើម Kevin De Bruyne រកបាន ២គ្រាប់ ដែលលទ្ធផលធ្វើបាននេះជាហេតុផលថ្មីមួយដែលធ្វើ់ឲ្យគ្រូបង្វឹក លោក Pep Guardiola ពិតជាត្រូវការគាត់ជាខ្លាំងក្នុងរដូវកាលនេះ។
ប្រភពពី BBC បានបង្ហាញថា ខ្សែបម្រើវ័យ ៣០ឆ្នាំ De Bruyne រកបាន ២គ្រាប់ក្នុងជ័យជម្នះ ៧-០ លើក្រុមភ្ញៀវ Leeds United ដែលលោកទើបជាពីជំងឺ និងរបួស ដែលរូបគេបង្ហាញទម្រង់ដ៏អស្ចារ្យនាមជាខ្សែបម្រើម្នាក់ទាំងការស៊ុត និងបញ្ជូនបាល់គ្រប់ជ្រុងលើទីលានជាមួយការស៊ុត ៩ដងនៃជំនួបដែលមិត្តរួមក្រុម Phil Foden, Grealish, Mahrez, Stone និង Nathan Ake ស៊ុតបានម្នាក់ ១គ្រាប់ជួយក្រុម Man City បន្តឈរកំពូលតារាងយ៉ាងរឹងមាំមាន ៤១ពិន្ទុ នាំមុខក្រុមខ្លាំង Liverpool ដែលរកបាន ៣៧ពិន្ទុ និង Chelsea ធ្វើបាន ៣៦ពិន្ទុបណ្តោះអាសន្ន។
គិតត្រឹមជ័យជម្នះនេះ ក្រុមខ្លាំង Man City មិនទាន់ចាញ់ការប្រកួតនោះទេនៅ ៧ប្រកួតចុងក្រោយនេះ ដែលជាក្រុមប្រជែងតំណែងជើងឯករដូវកាលឆ្នាំ២០២១-២០២២ ដ្បិតជាក្រុមការពារតំណែងជើងឯកផងដែរ ដោយរដូវកាលមុនបានបញ្ចប់ត្រឹមការរកបាន ៨៦ពិន្ទុ ខណៈខ្សែបម្រើ De Bruyne ជាកីឡាករម្នាក់ដែលបានស៊ុតបញ្ចូលទីនៅក្រៅតំបន់ពិន័យបាល់ ១១ម៉ែត្រច្រើនជាងកីឡាករផ្សេងទៀតគិតចាប់តាំងពីបានបង្ហាញខ្លួនលើកដំបូងកាលឆ្នាំ២០១៥ មក។
ក្នុងនោះសម្រាប់ ៤ប្រកួតបន្ទាប់របស់លោក Pep Guardiola ក្រុម Man City ត្រូវប៉ះក្រុម Newcastle United, Leicester City និងក្រុម Brentford មុនឈានទៅប៉ះក្រុមកាំភ្លើងធំ Arsenal នៅប្រកួតសប្តាហ៍ទី២១ នៃលីគកំពូលអង់គ្លេសនៃការប្រជែងរក ៣ពិន្ទុដ៏សំខាន់នេះ ខណៈក្រុម Leeds មានត្រឹម ១៦ពិន្ទុ ហើយត្រូវប៉ះក្រុម Arsenal និង Liverpool នៅប្រកួតបន្ទាប់ដែលជាសម្ពាធខ្លាំងចំពោះលោក Bielsa ក្នុងការស្វែងរកពិន្ទុបន្ថែមសម្រាប់ក្រុមប្រជែងឈរនៅលីគកំពូលនៃរដូវកាលក្រោយ៕