(អាមេរិក)៖ WhatsApp បើទោះបីជាមួយរយៈក្រោយនេះបានធ្លាក់ចុះនូវប្រជាប្រិយភាព និងថមថយអ្នកប្រើប្រាស់ក្ដី ប៉ុន្ទែកម្មវិធី ផ្ញើសារមួយនេះនៅតែបន្តពង្រឹងទៅលើប្រព័ន្ធសុវត្ថិភាព និងបន្ថែមនូវមុខងារក៏ដូចជាលក្ខណៈសម្បត្តិថ្មីៗជាច្រើនផងដែរ ជាក់ស្ដែង នៅពេលនេះគឺមុខងារថ្មីមួយទៀតពាក់ព័ន្ធនឹងការផ្ញើសារជាសំឡេងត្រូវបានដាក់បញ្ចូល។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា WhatsApp ចាប់ផ្ដើម ពង្រីក និងពង្រឹងគុណភាពនៃមុខងារផ្ញើសារជាសំឡេង ដោយឥឡូវនេះគឺអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការស្ដាប់សារសំឡេងសិន មុនពេលផ្ញើចេញទៅ (preview voice messages before sending them)។

វាមានន័យថា នៅពេលអ្នកចង់ផ្ញើសារសំឡេងទៅកាន់នរណាម្នាក់ គឺអ្នកអាចស្ដាប់សារនោះសិនបាន ហើយក្រោយពីស្ដាប់ហើយ បើសិនជាមានអ្វីខុសឆ្គងគឺអាចលុបចោលវិញបាន ហើយថតសារសំឡេងម្ដងទៀត តែបើសិនជាមិនមានអ្វីខុសនោះទេគឺចុចផ្ញើទៅ តែម្ដង។

មុខងារថ្មីនេះគឺពិតជាបានធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍រិករាយ និងភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះថាវាអស្ចារ្យជាងកម្មវិធី Facebook Messenger និង Instagram ទៀត ហើយក៏អាចនិយាយបានថា វាគឺជាលក្ខណៈពិសេសមួយដើម្បីយក ទៅប្រកួតប្រជែងជាមួយនឹងកម្មវិធីផ្សេងៗក្នុងគោលដៅបង្កើនប្រជាប្រិយភាព និងទាក់ទាញអ្នកប្រើប្រាស់៕