(ភ្នំពេញ)៖ កញ្ញាឯកចក្រវាឡតំណាងកម្ពុជា កញ្ញា ងិន ម៉ារ៉ាឌី បន្ទាប់ពីបញ្ចប់បេសកកម្មប្រកួត «Miss Universe» លើកទី៧០ នៅអ៉ីស្រាអែល រួចរាល់ហើយនោះ នាងនឹងធ្វើដំណើរត្រឡប់មកមាតុប្រទេសវិញ នៅល្ងាចម៉ោង៨៖០០នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ស្អែកនេះ។
លោក ម៉ែន និមលរតន៍ អ្នកគ្រប់គ្រងទូទៅ «Miss Universe» ប្រចាំកម្ពុជា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅថ្ងៃទីថា កញ្ញា ងិន ម៉ារ៉ាឌី នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង៨យប់ថ្ងៃទី១៦ ខែធ្នូ ស្អែកនេះ ដោយរូបលោក និងក្រុមការងារជាច្រើននាក់ នឹងទៅទទួលនាងដោយផ្ទាល់។ ជាមួយគ្នានេះ កញ្ញា ងិន ម៉ារ៉ាឌី ក៏ត្រូវធ្វើតេស្តរកកូវីដ-១៩ម្តងទៀត បន្ទាប់ពីធ្វើតេស្តរួចរាល់ កាលពីនៅព្រលានយន្តហោះ នៃប្រទេសអ៉ីស្រាអែល។
លោកបន្តទៀតថា បន្ទាប់ពីមកដល់ប្រទេសកម្ពុជា ក្រុមការងារនិងធ្វើពិធីជប់លៀងទទួលស្វាគមន៍ និងលើកទីចិត្តដល់កញ្ញាឯកតំណាងប្រទេសកម្ពុជាយើង ទោះបីជារូបនាងមិនបានទទួលជយលាភីក្តី ប៉ុន្តែនាងបាននាំវប្បធម៌ អរិយធម៌ខ្មែរ ឲ្យអន្តរជាតិបានស្គាល់កាន់តែច្បាស់។ បន្ទាប់ពីពិធីជប់លៀងស្វាគមន៍រួចរាល់នៅសប្តាហ៍ក្រោយនេះ ខាងក្រុមហ៊ុននឹងមានគម្រោងជាច្រើន សម្រាប់កញ្ញា ងិន ម៉ារ៉ាឌី ដូចជា ថតស្ពតពាណិជ្ជកម្ម បង្ហាញម៉ូតផលិតផល កម្មវិធីជួយផ្សព្វផ្សាយដល់ក្រសួងវប្បធម៌ និងទេសចរណ៍ និងកម្មវិធីចុះចែកអំណោយតាមបណ្តាខេត្តជាដើម។
គួរជម្រាបថា កម្មវិធីប្រកួតបវរកញ្ញាលំដាប់អន្តរជាតិ ដែលមានបវរកញ្ញាមកពី ៨០ប្រទេស លើពិភពលោកចូលរួម ត្រូវបានបញ្ចប់ដោយជោគជ័យ ក្នុងទឹកដីប្រទេសអ៉ីស្រាអែល និងរកឃើញម្ចាស់មកុដហើយ បានទៅលើបវរកញ្ញាតំណាងប្រទេសឥណ្ឌា។ យ៉ាងណាមិញ សម្រាប់បវរកញ្ញាកម្ពុជា ងិន ម៉ារ៉ាឌី បាននឹងកំពុងតែទទួលការកោតសរសើរ និងលើកទឹកចិត្តជាបន្តបន្ទាប់ ពីសំណាក់មហាជនខ្មែរ ត្បិតថា កញ្ញា បានបង្ហាញសមត្ថភាពយ៉ាងជឿជាក់ ក្នុងការនាំយកវប្បធម៌កម្ពុជា ទៅបង្ហាញលើឆាកលំដាប់ពិភពលោកមួយនេះ។
ត្បិតថា មិនបានទទួលជយលាភីប្រឡប់មកមាតុប្រទេសវិញក្តី តែតាមរយៈការបង្ហាញទេពកោសស្យ និងសមត្ថភាពរបស់ខ្លួន កញ្ញា ងិន ម៉ារ៉ាឌី បានធ្វើឲ្យមហាជនខ្មែរ មិនតិចនោះទេ មានមោទនភាពចំពោះរូបនាង។ ពីមួយវគ្គទៅមួយវគ្គ គេសង្កេតឃើញថា បវរកញ្ញាកម្ពុជារូបនេះ មានភាពស្វាហាប់យ៉ាងខ្លាំង និងឃើញថា នាងបានប្រឹងប្រែងយ៉ាងអស់ពីសមត្ថភាព ក្នុងការប្រកួត។
ម្ចាស់មកុដ «Miss Universe Cambodia» ឆ្នាំ២០២១ កញ្ញា ងិន ម៉ារ៉ាឌី ត្រូវបានគេដឹងថា មិនត្រឹមតែជាតារាបង្ហាញម៉ូត ដែលមានរូបសម្រស់ស្រស់សោភានោះទេ ថែមទាំងមានអាជីពជាតារាសម្តែង និងជាពិធីការិនីផងដែរ។ នាងមានអាយុ២២ ឆ្នាំកម្ពស់ ១,៦៥ម៉ែត្រ៕