(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិឡាវដោយលទ្ធផល ៣-០ ក្នុងពានរង្វាន់បាល់ទាត់ជើងឯកអាស៊ីអាគ្នេយ៍ AFF Suzuki Cup 2020 ពូល B នាល្ងាចថ្ងៃពុធនេះនៅកីឡដ្ឋាន Bishan ប្រទេសសិង្ហបុរី។
ការប្រកួតនេះ ចាន់ វឌ្ឍនាកា បានរកគ្រាប់បាល់នាំមុខឲ្យក្រុមគោព្រៃកម្ពុជា ២គ្រាប់មុននៅវគ្គទី១ ក្នុងនាទី៣១ និងនាទី៤១ មុនសិស្សប្អូន សៀង ចន្ធា បន្ថែមគ្រាប់ទី៣ នៅនាទី៧៥ ហើយលទ្ធផលនេះក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ៩០នាទីតែម្ដង។
នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមគោព្រៃកម្ពុជា ក្នុងពានរង្វាន់ប្រចាំតំបន់នេះ បន្ទាប់ពីរងបរាជ័យ ២ប្រកួតដំបូងក្រោមថ្វីជើងក្រុមម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ រីឯឡាវវិញបានបញ្ចប់បេសកកម្មរបស់ខ្លួនហើយក្នុងព្រឹត្តិការណ៍នេះ ដោយមិនទាន់ស្គាល់ជ័យជម្នះឡើយ នៅពេលបរាជ័យ ៤ប្រកួតជាប់គ្នា។
យ៉ាងណាក្ដីកម្ពុជា ស្ទើរតែអស់ឱកាសប្រជែងកៅអីវគ្គបន្ដទៅហើយ ដ្បិតនៅសល់ ១ប្រកួតចុងក្រោយត្រូវជួបក្រុមជម្រើសជាតិវៀតណាម នាថ្ងៃទី១៩ ខែធ្នូខាងមុខ នៅប្រទេសសិង្ហបុរីដដែល៕