(ស្វាយរៀង)៖ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍សហគមន៍ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន បានរៀបចំកម្មវិធីបរិច្ចាគសម្ភារៈសិក្សាដល់សិស្សានុសិស្សចំនួន ២២៤ នាក់ ព្រមទាំងបរិក្ខារសម្រាប់សាលារៀន ដែលមានចំនួន ១៣បន្ទប់ នៅសាលាបឋមសិក្សា ៧មករា ស្ថិតនៅសង្កាត់ ពោធិតាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ណុងហឹប ហ្វាយនែន គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធធនាគារ ណុងហឹប ដែលមានមូលដ្ឋាន និងអាជីវកម្មធំជាងគេនៅប្រទេសកូរ៉េខាងត្បូង ហើយបានជ្រៀតចូលខ្លួន ទៅក្រៅប្រទេសតាមរយៈសាខាបរទេស នៅសហរដ្ឋអាមេរិក និងវៀតណាម ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅមីយ៉ាន់ម៉ា និងកម្ពុជា ដែលមានការិយាល័យតំណាងនៅប្រទេសចិន និងឥណ្ឌា។

បច្ចុប្បន្ន ណុងហឹប ហ្វាយនែន កំពុងធ្វើប្រតិបត្តិការនៅរាជធានីភ្នំពេញ និងខេត្តចំនួន ១១ គឺខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កែប ព្រះសីហនុ សៀមរាប កំពង់ធំ ព្រៃវែង ស្វាយរៀង និងកំពង់ចាម ដើម្បីផ្តល់ជូនផលិតផល និងសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

លើសពីនេះទៀត ណុងហឹប ហ្វាយនែន មិនត្រឹមតែផ្តល់នូវផលិតផលហិរញ្ញវត្ថុប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងកម្មវិធីជួយសង្គមជាច្រើនផងដែរ ក្នុងនោះរួមមាន អក្ខរកម្មហិរញ្ញវត្ថុ ការបណ្តុះបណ្តាលកសិកម្ម និងការចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ជាមួយរាជរដ្ឋាភិបាល ដែលជាការចូលរួមចំណែកភាពជាដៃគូក្នុងការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចប្រទេសកម្ពុជា៕