(ភ្នំពេញ)៖ តារាស្រីជួរមុខ កញ្ញា មាស សុខសោភា ថ្មីៗនេះបានបង្ហោះលើ Facebook Page ផ្លូវការរបស់ខ្លួន បង្ហាញពីក្ដីសប្បាយរីករាយ ពេលឃើញកញ្ញាតី ដែលជាម្ចាស់បទចម្រៀង «តីវ៉ៃម៉ាលុយ» រីកចម្រើន។
លើ Facebook Page ផ្លូវការរបស់កញ្ញា មាស សុខសោភា បានឲ្យដឹងថា «ប្អូនស្រីម្នាក់នេះធំហើយ បានឃើញប្អូនស្រី រីកចម្រើនបងពិតជាសប្បាយចិត្ត បានឃើញប្អូនអាចដើរទៅមុខដោយខ្លួនឯង បានបងពិតជាមោទនភាព។ ជូនពរប្អូនស្រី តី កាន់តែជោគជ័យជាមួយវិស័យចម្រៀង»។
សារខ្លីនេះជាសារដែលកញ្ញា មាស សុខសោភា បានបង្ហោះបន្ទាប់ពីផលិតកម្មរាម បានចេញចម្រៀងដំបូងរបស់កញ្ញាតីមួយបទ នៅលើបណ្តាញសង្គមរបស់ផលិតគឺបទ «PEEKABOO» ហើយក៏បានបង្ហោះរូបភាពស្វាគមន៍តារាចម្រៀងថ្មី របស់ផលិតកម្មដែលបានធ្វើឲ្យអ្នកគាំទ្រ និងមហាជន Comment ជូនពរម្ចាស់បទតីវ៉ៃម៉ាលុយ សរសើរសម្រាប់សមត្ថភាពពិសេសរបស់នាង។
ដោយឡែកម្ចាស់បទតីវ៉ៃម៉ាលុយ ដែលទស្សនិកជនស្គាល់ថា ជាសំណព្វចិត្តរបស់កញ្ញា មាស សុខសោភា នៅមិនទាន់មានអ្វីឆ្លើយតប ឬបញ្ចេញអារម្មណ៍របស់ខ្លួននៅឡើយទេ ហើយកំពុងលាក់មុខយ៉ាងខ្លាំងដោយមិនដឹងពីមូលហេតុ នេះក៏បានធ្វើទស្សនិកជនហាក់មានចង្ងល់ដូចគ្នា។
រង់ចាំមើលថា តើតារា RAP ស្រីរូបនេះនឹងមានអ្វីកាន់តែប្លែកជាមួយផលិតកម្មរាម៕