(អាមេរិក)៖ តារាទូរទស្សន៍ល្បីឈ្មោះរបស់អាមេរិក Kim Kardashian បាននិយាយថា នាងបានប្រឡងជាប់ចូលរៀនមេធាវីហើយ បន្ទាប់ពីខិតខំរៀនសូត្រ និងប្រឡងធ្លាក់ជាច្រើនលើក។ តារាសិចស៊ីវ័យ ៤១ឆ្នាំ បានចែករំលែកដំណឹងប្រឡងជាប់នេះ ជាមួយអ្នកគាំទ្ររបស់ខ្លួនលើបណ្ដាញសង្គម Twitter និងបាននិយាយថា ការប្រឡងចូលរៀនមេធាវីនេះ គឺមិនមែនជារឿងងាយស្រួលឡើយ ព្រោះកន្លងមកនាងប្រឡងធ្លាក់៣ដងទៅហើយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន The Wall Street Journal។

តាមរយៈប្រពន្ធផ្សាព្វផ្សាយតារាសិចស៉ីរូបនេះ បាននិយាយថា នាងបានប្រឡងធ្លាក់អស់ចំនួន៣លើករួចមកហើយ ទម្រាំតែបានជាប់ ដែលការប្រឡងលើកចុងក្រោយនេះ គឺជាក្ដីសង្ឃឹមចុងក្រោយរបស់នាងផងដែរ ព្រោះថាការប្រឡងចូលរៀនមេធាវី នៅរដ្ឋកាលីហ្វ័រញ៉ាផ្ដល់ឱកាសប្រឡងតែបីលើកប៉ុណ្ណោះ ប៉ុន្តែបន្ថែមជូនមួយលើកទៀត សម្រាប់អ្នកដែលបានប្រឡងធ្លាក់កាលពីខែមិថុនាឆ្នាំ២០២០ ដោយសារការរាតត្បាតជំងឺកូវីដ។ ការប្រឡងជាប់ចូលរៀនមេធាវីនេះមានន័យថា Kim Kardashian អាចបន្តការសិក្សាផ្នែកច្បាប់ ដើម្បីអាចប្រឡងធ្វើជាមេធាវីបាន។

គួរជម្រាបថា ថ្លែងប្រាប់កាសែតក្នុងស្រុក Kim Kardashian បាននិយាយថា នាងបានចូលរៀនផ្នែកច្បាប់ ដើម្បីបំពេញបំណងចង់ធ្វើជាមេធាវី តាំងពីឆ្នាំ២០១៩។ ឪពុករបស់នាង ដែលមានឈ្មោះថា Robert Kardashian ដែលស្លាប់ក្នុងឆ្នាំ២០០៣នោះ គឺជាអ្នកជំរុញទឹកចិត្តឲ្យនាងរៀនផ្នែកនេះ ត្បិតថាលោកក៏ជាអ្នកច្បាប់មួយរូបផងដែរ៕