(ភ្នំពេញ)៖ តារាចម្រៀងរ៉េបល្បីឈ្មោះមួយរូបរបស់កម្ពុជា គឺលោក វណ្ណដា ត្រូវបានមហាជនសង្កេតឃើញថា ហាក់ឡើងកូដជាបន្តបន្ទាប់តែម្តង ក្រោយពីបានបញ្ចេញស្នាដៃចម្រៀងដ៏លេចធ្លោរមួយជាមួយ លោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ។ ជាក់ស្តែង ថ្មីៗនេះ លោកស្រាប់តែត្រូវបានទស្សនាវដ្តីល្បីលំដាប់ពិភពលោក LiFTED Asia ជ្រើសរើសដាក់ក្នុងទំព័រមុខប្រចាំខែធ្នូ។

តាមរយៈភាពលេចធ្លោរ ទទួលការចាប់អារម្មណ៍ពីទស្សវដ្តីបរទេសនៅពេលនេះ តារាចម្រៀងរ៉េប ម្ចាស់បទ «Time to Rise» លោក វណ្ណដា បានបង្ហាញចំណាប់អារម្មណ៍លើផេកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា «ថ្ងៃនេះខ្ញុំពិតជាមានកិត្ដិយស ដែលបានក្លាយជាទំព័រមុខរបស់ទស្សានាវដ្ដី LiFTED Asia ប្រចាំខែ ធ្នូនេះ! នេះគឺពិតជាអស្ចារ្យសម្រាប់ខ្ញុំ ដែលអាចបញ្ចប់ឆ្នាំ២០២១ នេះ ជាមួយសមិទ្ធផលថ្មីមួយទៀត ដែលជាការឈរនៅលើទំព័រមុខទស្សនាវដ្ដីអន្ដរជាតិដំបូងបំផុតរបស់ខ្ញុំ...»

ជាការពិត តារាចម្រៀង វណ្ណដា ត្រូវបានដាក់ក្នុងទំព័រមុខរបស់ទស្សានាវដ្ដី LiFTED Asia ជាលើកដំបូង បន្ទាប់ពីបទចម្រៀង «Time To Rise» បកស្រាយដោយលោកផ្ទាល់ ជាមួយព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ទទួលបានចំណាត់ថ្នាក់កំពូលឈរនៅលេខរៀងទី១ ក្នុងចំណោមបទចម្រៀង Hip-Hop ទាំង១០នៅអាស៉ីសម្រាប់ឆ្នាំ២០២១ ប្រចាំ LiFTED Lists។

គួរជម្រាបថា LiFTED ត្រូវបានគេដឹងថា គឺជាគេហទំព័រអន្តរជាតិមួយ ដែលផ្ដោតជាសំខាន់ទៅលើបទចម្រៀង Hip-Hop នៅតំបន់អាស៉ី ព្រមទាំងបានចេញផ្សាយអត្ថបទទាក់ទងនឹងបទចម្រៀង Hip-Hop នៅក្នុងប្រទេសអាស៊ី ចំនួន ២០ នៅជុំវិញពិភពលោកក្នុងឆ្នាំ ២០២១នេះ។ ដោយឡែកសម្រាប់ចុងឆ្នាំ២០២១នេះ គេហទំព័រ LiFTED បានធ្វើការកំណត់ជ្រើសយកបទចម្រៀង Hip-Hop ដែលមានឥទ្ធិពល និងប្រជាប្រិយភាពខ្លាំងទាំង១០ ដែលល្អដាច់គេនៅអាស៉ី ដើម្បីប្រកាសបង្ហាញអ្នកគាំទ្រ ក្នុងចំណោមនោះ អ្វីដែល កាន់តែអស្ចារ្យជាលទ្ធផលបទ «TIME TO RISE» របស់ វណ្ណដា មានសមត្ថភាពខ្ពស់ រហូតជាប់តំណែងទី១ ជាបទល្អដាច់គេប្រចាំឆ្នាំ លើគេហទំព័រមួយនេះតែម្តង៕