(ភ្នំពេញ)៖ ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានប្រកាសជ្រើសរើសកីឡាករអាយុក្រោម ២១ឆ្នាំ ដើម្បីចម្រាញ់រកកីឡាករល្អៗចូលរួមជាមួយក្រុមធំ ត្រៀមការប្រកួតរដូវកាលថ្មី ឆ្នាំ២០២២ បន្ទាប់ពីក្លិបបានចែកផ្លូវជាមួយកីឡាករសំខាន់ៗជាច្រើនរូប រួមទាំងខ្សែប្រយុទ្ធប្រេស៊ីល Elie Da Cruz ដែលក្លាយជាកីឡាករទី៧ ត្រូវបានក្លិបមានមូលដ្ឋាននៅខេត្តសៀមរាបនេះប្រកាសចែកផ្លូវកាលពីថ្មីៗ។

យោងតាមការជូនដំណឹងរបស់ក្រុមចំណាត់ថ្នាក់លេខ៦ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ នេះបានបញ្ជាក់ថា ការធ្វើតេស្ដបែងចែកជា ៣ដំណាក់កាល ហើយជ្រើសរើសតែកីឡាករសញ្ជាតិខ្មែរប៉ុណ្ណោះ។ ការធ្វើតេស្ដលើកទី១ នៅថ្ងៃទី១៨-ធ្នូ ហើយអ្នកជាប់នឹងបន្ដធ្វើតេស្ដលើកទី២ នាថ្ងៃទី១៩-ធ្នូ។ បន្ទាប់ពីធ្វើតេស្ដលើកទី២ ជោគជ័យ ក្លិបតម្រូវឲ្យកីឡាករធ្វើការហ្វឹកហាត់ជាមួយក្រុមធំ ១សប្ដាហ៍ ដើម្បីធ្វើការសម្រេចលទ្ធផលចុងក្រោយ។

ការប្រកាសធ្វើតេស្ដកីឡាករយុវជន U21 ត្រៀមរដូវកាលថ្មីនេះ បន្ទាប់ពីអង្គរថាយហ្គឺរ បានចែកផ្លូវជាមួយកីឡាករសំខាន់ៗរហូតដល់ ៧រូបកាលពីថ្មីៗរួមមានកីឡាករ ឈង់ ប៊ុនណាត, ឡុង ភារ៉ាត់, ឡុង ម៉េងហេង, ខ្សែប្រយុទ្ធតុងហ្គា Ata Inia, ខ្សែបម្រើជប៉ុន Kosuke Uchida, កីឡាករបេឡារូស Maksim Taleyko និងខ្សែប្រយុទ្ធ Da Cruz រួមទាំងគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញលោក Orio Mohedano Segura ផងដែរ។

បច្ចុប្បន្នក្លិបមានក្បាលម៉ាស៊ីនជាជនជាតិជប៉ុនមួយនេះ បានតែងតាំងគ្រូបង្វឹកថ្មីរួចរាល់ហើយ គឺលោក Alistair Heath ដែលជាអតីតគ្រូបង្វឹកក្រុមយុវជនក្លិប Leicester City។ ប៉ុន្ដែក្រៅពីការចាកចេញរបស់កីឡាករស្នូលជាច្រើនរូប ពួកគេនៅមិនទាន់នាំចូលកីឡាករថ្មីនោះទេ ដ្បិតកីឡាករបរទេសនៅសល់តែម្នាក់ប៉ុណ្ណោះ គឺកីឡាករប្រេស៊ីល Iago Bento Fernandes៕