(តូក្យូ)៖ ក្រុមហ៊ុនផលិរថយន្តរបស់ជប៉ុន Nissan Motor Co Ltd គ្រោងនឹងសាងសង់រោងចក្រកែច្នៃអាគុយឡើងវិញ នៅក្នុងទឹកដី សហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបនៅឆ្នាំ២០២៥ ខណៈដែលក្រុមហ៊ុនផ្សេងៗកំពុងនាំគ្នាសម្រុកផលិតរថយន្តអគ្គិសនី (EV)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

រោងចក្រកែច្នៃអាគុយឡើងវិញរបស់ក្រុមហ៊ុន Nissan មួយនេះ នឹងផ្តោតសំខាន់លើការកែច្នៃអាគុយសម្រាប់យកទៅប្រើប្រាស់ ជាមួយនឹងរថយន្ត EV ដែលវាជាផ្នែកមួយដើម្បីកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងដើម្បីកាត់បន្ថយការប្រើប្រាស់វត្ថុធាតុដើម ហើយក៏ដើម្បីកាត់បន្ថយថ្លៃដើមនៃការផលិតផងដែរ ព្រោះថាមានលោហៈធាតុមួយចំនួនជាប្រភេទលោហៈកម្រ។

យោងតាមរបាយការណ៍ក៏បានបន្ថែមថា រោងចក្រទាំងនេះនឹងក្លាយជារោងចក្រកែច្នៃអាគុយដំបូងរបស់ Nissan ដែលត្រូវបានសាងសង់នៅខាងក្រៅប្រទេសជប៉ុន។ ប៉ុន្តែ នៅក្នុងរបាយការណ៍មិនបានបញ្ជាក់អំពីប្រទេសនៅអឺរ៉ុបដែលនឹងត្រូវសាងសង់រោងចក្រនោះទេ។

កាលពីខែមុន ក្រុមហ៊ុន Nissan បានប្រកាសពីការជំរុញផ្នែកអគ្គិសនីរបស់ខ្លួន ដោយប្តេជ្ញាចំណាយប្រាក់ ២ពាន់ពាន់លានយ៉េន (ប្រហែល ១៧,៥៣ពាន់លានដុល្លារ) ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីពង្រឹងគុណភាព សមត្ថភាពរថយន្តរបស់ខ្លួន ដើម្បីប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនដទៃ៕