(ព្រះសីហនុ)៖ លោក Chan Khun Sing Joseph ប្រធានគណៈកម្មការបច្ចេកទេសរៀបចំការប្រកួតកីឡាទូកក្ដោង ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ នៅខេត្តព្រះសីហនុ បានធ្វើការកោតសរសើរ ចំពោះធនធានកីឡាទូកក្ដោងកម្ពុជាថា មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតអន្ដរជាតិ ដោយខ្លួនឯង និងប្រកបដោយលក្ខណៈស្ដង់ដារទៀតផង។

ការបង្ហាញសុទិដ្ឋិនិយមរបស់អ្នកជំនាញរៀបចំព្រឹត្តិការណ៍អន្ដរជាតិធំៗជនជាតិសិង្ហបុរីរូបនេះ បន្ទាប់ពីព្រឹត្តិការណ៍ប្រចាំតំបន់លើកដំបូងនៅកម្ពុជាខាងលើ ដំណើរការប្រកួតបាន ៤ថ្ងៃ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ មុនឈានដល់ការប្រកួតថ្ងៃចុងក្រោយនាថ្ងៃទី១៧ ខែធ្នូស្អែក។ តែគួរឲ្យស្ដាយការប្រកួតថ្ងៃទី៤នេះ ត្រូវបានគណៈកម្មសម្រេចលុបចោល ដោយសារតែមានខ្យល់មិនគ្រប់គ្រាន់ស្របតាមស្ដង់ដារអាចប្រកួតបាន។

លោកថា ទោះបីកម្ពុជាទើបធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាទូកក្ដោងអន្ដរជាតិលើកដំបូង តែកម្ពុជាមានធនធានមានសមត្ថភាពគ្រប់គ្រាន់ ទាំងគណៈកម្មការបច្ចេកទេស និងកីឡាករ-កីឡាការិនីដែលអាចរៀបចំការប្រកួតអន្ដរជាតិដោយខ្លួនឯង ជាក់ស្ដែងក្រោយដំណើរការប្រកួតជើងឯកអាស៊ាន ៤ថ្ងៃមកនេះ លោកបានវាយតម្លៃខ្ពស់ ចំពោះសមត្ថភាពមន្ដ្រីគណៈកម្មការបច្ចេកទេសកម្ពុជា ដែលធ្វើបានយ៉ាងល្អប្រសើរលើការងារបច្ចេកទេស។

បន្ថែមលើនេះ លោក Chan Joseph បានកោតសរសើរ ចំពោះសហព័ន្ធកីឡាទូកក្ដោងកម្ពុជា ពិតជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលរៀបចំការប្រកួតអន្ដរជាតិ ស្របពេលកម្ពុជាមានអំណោយផលដ៏ល្អ ដែលមានទីលានស្ដង់ដារ នៃតំបន់ឆ្នេរដ៏ស្រស់ស្អាត នៅខេត្តព្រះសីហនុ ពិសេសការទទួលបដិសណ្ឋារកិច្ចយ៉ាងល្អ និងប្រកបដោយភាពកក់ក្ដៅ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ក៏ដូចជាភ្ញៀវចូលរួមទៀតផង។

គួរដឹងថា កីឡាទូកក្ដោង ថ្វីដ្បិតជាប្រភេទកីឡាអូឡាំពិក តែកម្ពុជាទើបបង្កើតសហព័ន្ធប៉ុន្មានឆ្នាំមុននេះប៉ុណ្ណោះ។ ប៉ុន្ដែក្នុងរយៈពេលខ្លី កីឡាទូកក្ដោងកម្ពុជា បានអភិវឌ្ឍន៍ និងរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងបច្ចេកទេស និងធនធានកីឡាករ-កីឡាការិនី ក្រោមការយកចិត្តទុកដាក់របស់លោក ថាង ហ្គោដុង ប្រធានសហព័ន្ធ ក៏ដូចជាអនុប្រធានសហព័ន្ធលោក ថោង រដ្ឋសក្ដិ ដែលជំរុញឲ្យវិស័យកីឡាមួយនេះ មានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមការប្រកួតកម្រិតអន្ដរជាតិ រហូតឈានដល់ការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍អន្ដរជាតិថែមទៀត។

ក្រឡេកទៅការប្រកួតកីឡាទូកក្ដោងជើងឯកអាស៊ានខាងលើវិញ គឺមានអត្តពលិក ២៧នាក់ មកពី ៣ប្រទេសចូលរួម គឺមានម្ចាស់ផ្ទះកម្ពុជា សិង្ហបុរី (សហម្ចាស់ផ្ទះ) និងម៉ាឡេស៊ី ដែលប្រកួតលើ ៥វិញ្ញាសា។ បច្ចុប្បន្នកីឡាករកម្ពុជា ប៉ាល់ សិលា កំពុងធ្វើបានយ៉ាងល្អលើវិញ្ញាសា RS:One ដោយឈរលេខ១ ចំនួន ៣ថ្ងៃជាប់គ្នា ក្រោយដំណើរការប្រកួតបាន ១០ជុំ ហើយគេបានប្ដេជ្ញានឹងខំប្រឹងបន្ថែមទៀត ដើម្បីឈានទៅដណ្ដើមមេដាយមាសជូនជាតិ៕