(ប្រ៊ីនហ្វដ)៖ អ្នកចាត់ការក្លិបបាល់ទាត់ Brentford លោក Thomas Frank បានស្នើឲ្យលីគ Premier League ផ្អាកការប្រកួតទាំងអស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ ដោយសារតែមានការកើនឡើង ចំនួនករណីឆ្លងជំងឺកូវីដ១៩ បានបន្តវាយប្រហារទៅលើការប្រកួត, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ។

ការប្រកួតរបស់ក្លិប Brentford ប៉ះនឹងក្រុម Manchester United កាលពីថ្ងៃអង្គារ ត្រូវបានផ្អាក បន្ទាប់ពីទីលានហ្វឹកហាត់របស់ក្លិប United ត្រូវបានបិទទ្វារ ដោយសារតែការផ្ទុះឡើង ករណីឆ្លងជំងឺកូវីដ១៩ ហើយនៅថ្ងៃពុធ ការប្រកួតដែលក្រុម Burnley ធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវ Watford ក៏ត្រូវបានពន្យារពេលផងដែរ បន្ទាប់ពីក្រុមភ្ញៀវ រកឃើញវិជ្ជមានកូវីដ១៩។

"ករណីឆ្លងកូវីដ១៩ កំពុងឡើងដល់ដំបូល នៃក្លិបទាំងអស់ ដែលលេងនៅលីគ Premier League", នេះបើតាមសម្តីលោក Frank បានប្រាប់ក្នុងសន្និសីទសារព័ត៌មាន ខណៈដែលលោកលើកឡើងថា ក្លិបរបស់លោកបានរកឃើញករណីវិជ្ជមាន១៣ករណី។

លោកបន្ថែមថា "អ្នកគ្រប់គ្នា បាននឹងកំពុងដោះស្រាយជាមួយវា ហើយគ្រប់គ្នាកំពុងតែមានបញ្ហា នៅពេលនេះ, ការផ្អាកការប្រកួតក្នុងលីគ Premier League និងលីគ Carabao Cup នឹងទុកពេលវេលាមួយសប្តាហ៍ យ៉ាងហោចណាស់ ដើម្បីសម្អាត និងធ្វើអ្វីគ្រប់យ៉ាង នៅទីលានហ្វឹកហាត់ ដូច្នេះគ្រប់យ៉ាងនឹងល្អ ហើយយើងអាចបំបែកការជួបគ្នា នៅគ្រប់ក្លិបទាំងអស់"។

គួរជម្រាបថា ក្លិប Brentford គ្រោងនឹងប្រកយតជាមួយក្លិប Southampton នៅថ្ងៃសៅរ៍សប្តាហ៍នេះ ហើយក្រោយមក នឹងជួបក្រុម Chelsea នៅលីគ League Cup នាថ្ងៃពុធសប្តាហ៍ក្រោយ៕