(ឡុងដ៍)៖ Premier League បានប្រកាសថា ការប្រកួតនារាត្រីថ្ងៃព្រហស្បតិ៍រវាងក្រុម Leicester City និងក្រុម Tottenham Hotspur ត្រូវបានពន្យារពេល ដោយសារតែការកើនឡើងនៃករណីឆ្លងជំងឺកូវីដ១៩ នៅឯក្លិប Leicester។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

អ្នកចាត់ការក្លិប Leicester លោក Brendan Rodgers បានលើកឡើងនៅថ្ងៃពុធថា ការស្នើសុំរបស់ក្លិប ដើម្បីពន្យារពេលការប្រកួត ដោយសារតែការកើនឡើងករណីឆ្លងកូវីដ១៩ នៅក្នុងក្រុមរបស់ពួកគេ ត្រូវបានបដិសេធ ប៉ុន្តែដោយសារតែមានកីឡាករ និងបុគ្គលិកក្លិបកាន់តែច្រើន បានរកឃើញវិជ្ជមាននៅថ្ងៃព្រហស្បតិ៍នេះនោះ ធ្វើឲ្យលីគមិនមានជម្រើស។

«បន្ទាប់ពីមានការពិគ្រោះគ្នារវាង Premier League និងទីភ្នាក់ងារសន្តិសុខសុខភាពអង់គ្លេស (UK Health Security Agency) ទីលានហ្វឹកហាត់ សម្រាប់ក្រុមជម្រើសដំបូងរបស់ក្លិបត្រូវបានបិទទ្វារនៅព្រឹកនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃករណីឆ្លង» នេះបើតាមលីគ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

នេះគឺជាការប្រកួតលើកទី៣ ហើយសម្រាប់ក្រុម Spurs ដែលត្រូវបានពន្យារពេលដោយសារតែការរាតត្បាតពីជំងឺកូវីដ១៩ បន្ទាប់ពីការប្រកួតនៅ Europa Conference League របស់ពួកគេប៉ះនឹងក្រុម Rennes កាលពីសប្តាហ៍មុន និងការប្រកួតលីគ Premier League ដែលត្រូវប៉ះនឹងក្រុម Brighton & Hove Albion កាលពីចុងសប្តាហ៍កន្លងទៅនេះត្រូវបានពន្យារពេលនោះ។

Spurs ក៏មានការប្រកួតមួយប៉ះនឹងក្រុម Burnley ដែលត្រូវបានពន្យារពេលផងដែរ ដោយសារតែព្រិលធ្លាក់ខ្លាំង ដែលមានន័យថា ពួកគេឥឡូវនេះ មានការប្រកួតលីគចំនួន៣ នៅក្នុងដៃចំពេលដែលមានគម្រោងប្រកួតដ៏មមាញឹក ដែលពួកគេគ្រោងនឹងប្រកួត ៥លើកនៅក្នុងការប្រកួតទាំងអស់ នៅរយៈពេល ២សប្តាហ៍ខាងមុខ៕