(លីវើភូល)៖ Liverpool យកឈ្នះ Newcastle United ក្នុងលទ្ធផល ៣-១ នៅកីឡដ្ឋាន Anfield យប់មិញនេះ រកបាន ៣ពិន្ទុក្នុងដីដោយស្រួល ដើម្បីបន្តប្រដេញតាមពីក្រោយក្រុមកំពូលតារាង Manchester City ក្នុងការប្រជែងជើងឯក Premier League រដូវកាលនេះ។

ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីប Mohamed Salah បានតាមទាន់កំណត់ត្រារបស់កីឡាករ Jamie Vardy នៃក្លិប Leicester City ដែលបញ្ជូនបាល់បាន ១៥គ្រាប់នៅ Premier League ក្រៅពីស៊ុតខ្លួនឯងបាន ១គ្រាប់ផងដែរនៅនាទី២៥ ដែលជាគ្រាប់បាល់ទី២២ របស់គេផងដែរជាមួយហង្សក្រហម Liverpool ក្នុងរដូវកាល ២០២១-២០២២ នេះ។

ការប្រកួតដែលគ្មានខ្សែការពាររឹងមាំ Virgil van Dijk និង Fabinho ដោយសារឆ្លងជំងឺកូវីដ-១៩ នោះ ក៏ក្រុមរបស់លោក Jurgen Klopp យកបាន ៣ពិន្ទុដោយស្រួលពីក្រុមដែលកំពុងត្រដាបត្រដួសសារិកាព្រៃ Newcastle United ទៀតដែរ ដ្បិត Jonjo Shelvey រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវ និងឈរនៅលេខរៀងទី១៩ ក្នុងតារាង Premier League ដដែល។

Liverpool បន្តដេញតាមពីក្រោយក្រុមកំពូលតារាង និងជាក្រុមការពារតំណែងជើងឯក Manchester City ១ពិន្ទុដដែល គិតត្រឹម ១៧សប្តាហ៍ជើងទី១ ពីពិន្ទុសរុប ៤០ពិន្ទុ នៅពេលតោខៀវ Chelsea ឈរលេខ៣ មាន ៣៧ពិន្ទុ ក្រោយលេងស្មើ ១-១ ទល់នឹង Everton នៅ Stamford Bridge យប់មិញនេះដូចគ្នា៕