(បរទេស)៖ ប្រទេសរុស្ស៊ីបានពិន័យ Twitter , Meta Platforms (Facebook) និង TikTok ចំពោះការខកខានក្នុងការលុបមាតិកាដែលរដ្ឋាភិបាលចាត់ទុកថាខុសច្បាប់ ហើយនេះក៏ជាការពិន័យចុងក្រោយបង្អស់លើក្រុមហ៊ុនបច្ចេកវិទ្យាបរទេស។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។

រដ្ឋាភិបាលទីក្រុងម៉ូស្គូបានបង្កើនសម្ពាធលើក្រុមហ៊ុន Big Tech នៅឆ្នាំនេះ ជាមួយនឹងយុទ្ធនាការមួយដែលអ្នករិះគន់ចាត់ទុកថា ជាការប៉ុនប៉ងរបស់អាជ្ញាធររុស្ស៊ីក្នុងការគ្រប់គ្រងកាន់តែតឹងរ៉ឹងលើប្រព័ន្ធអ៊ីនធឺណិត ហើយសកម្មភាពនេះ ត្រូវបានពួកគេនិយាយថា ជាការគំរាមកំហែងដល់ការរារាំងសេរីភាពបុគ្គល និងសាជីវកម្ម។

តុលាការទីក្រុងមូស្គូបាននិយាយថា Meta Platforms ត្រូវបានពិន័យជាប្រាក់សរុបចំនួន ១៣លានរូប្លែ (ប្រហែល ១៧៦,៩២៦ដុល្លារអាមេរិក) ចំណែក Twitter ត្រូវបានពិន័យជាប្រាក់ចំនួន ១០លានរូប្លែ ខណៈដែល TikTok បានទទួលការពិន័យចំនួន ៤លានលានរូប្លែ។

ក្នុងនោះ ក្រុមហ៊ុន Meta និង Alphabet កំពុងតែប្រឈមមុខនឹងសំណុំរឿងថ្មីផ្សេងមួយទៀត ដែលនឹងត្រូវលើកយកមកជំនុំជំរះនៅចុងខែនេះ សម្រាប់ការសង្ស័យថាបានបំពានច្បាប់រុស្ស៊ីម្តងហើយម្តងទៀត និងអាចត្រូវបានពិន័យជាភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ី។

និយតករទំនាក់ទំនងរបស់រុស្ស៊ីបាននិយាយថា Twitter មិនបានទប់ស្កាត់ចំពោះការបង្ហោះដែលមានរូបអាសអាភាសរបស់កុមារ ព័ត៌មានអំពីការរំលោភបំពាន គ្រឿងញៀន ឬការអំពាវនាវឱ្យអនីតិជនធ្វើអត្តឃាត ប៉ុន្តែ Twitter បានបដិសេធ និងលើកឡើងថាមិន អនុញ្ញាត ឱ្យ ប្រើ វេទិកា របស់ ខ្លួន ដើម្បី ផ្សព្វផ្សាយ អាកប្បកិរិយា ខុស ច្បាប់បែបនេះឡើយ៕