(ភ្នំពេញ)៖ ធនាគារ កាណាឌីយ៉ា ក.អ ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា និងក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និង ចែកចាយប្រេងឥន្ធនៈ អន្តរជាតិ បានចុះហត្ថលេខាភាពជាដៃគូលើសេវាទូទាត់ ឌីជីថល និងកញ្ចប់ហិរញ្ញប្បទានពិសេស ដែលអនុញ្ញាតឲ្យដៃគូទាំងពីរអាចពង្រឹងនិងពង្រីកប្រត្តិបត្តិការអាជីវកម្មរបស់ខ្លួន កាន់តែប្រសើរឡើងទូទាំងព្រះរាជាណាចក្រកម្ពុជា ដល់អតិថិជនរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
ពិធីចុះហត្ថលេខាភាពជាដៃគូនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ នៅអគារ កាណាឌីយ៉ា ថូវើ ដែលមាន ធនាគារ កាណាឌីយ៉ា ក.អ ដឹកនាំដោយ លោក Raymond Sia Say Guan ជានាយកប្រត្តិបត្តិ និង ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ដឹកនាំដោយលោក Nuttapong Kaewtrakulpong ជាអគ្គនាយកគ្រប់គ្រង។
តាមរយៈកិច្ចព្រមព្រៀងនេះ ធនាគារ កាណាឌីយ៉ា និង ក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងរួមគ្នាស្វែងរកឱកាសបង្កើតនូវដំណោះស្រាយទូទាត់ឌីជីថលឲ្យមានភាពសំបូរបែប ដល់អតិថិជនរបស់ខ្លួន រួមមាន ការទូទាត់តាមអេឡិចត្រូនិច (e-payment) ការទូទាត់របៀប Cashless និង ATM តាមបណ្តាញប្រត្តិបត្តិការរបស់ ធនាគារ និង ភីធីធី (ខេមបូឌា) ទូទាំងប្រទេស។ បន្ថែមលើដំណោះស្រាយទូទាត់ឌីជីថលនេះ ធនាគារ កាណាឌីយ៉ា ក៏នឹងផ្តល់ជូនផងដែល នូវកញ្ចប់ហិរញ្ញប្បទានពិសេសសំរាប់អតិថិជនរបស់ក្រុមហ៊ុន។
ជាលទ្ធផលទទួលបានភ្លាមៗពីភាពជាដៃគូនេះ សេវាទូទាត់ Direct Debit ត្រូវបានបង្កើតឡើងដោយជោគជ័យ ហើយនឹងដាក់ឲ្យប្រើប្រាស់នៅបំណាច់ឆ្នាំនេះ។ ជាមួយសេវាទូទាត់ Direct Debit នេះ អតិថិជនទាំងអស់ របស់ក្រុមហ៊ុន ភីធីធី (ខេមបូឌា) អាចទូទាត់រាល់ការបញ្ជារទិញរបស់ខ្លួនពីក្រុមហ៊ុន តាមរយៈប្រព័ន្ធ អ៉ី អ៊រឌើ របស់ក្រុមហ៊ុន ភីធីធី (ខេមបូឌា) (PTT E-Order system) ដោយគ្រាន់តែចុច (Click) ជ្រើសរើសការទូទាត់តាមគណនីរបស់ខ្លួនជាមួយធនាគារ កាណាឌីយ៉ា នោះសាច់ប្រាក់នឹងត្រូវបានផ្ទេរដោយស្វ័យប្រវត្តិ ទៅកាន់គណនីរបស់ក្រមហ៊ុន ភីធីធី (ខេមបូឌា) ជាការស្រេច។ តាមរយៈប្រព័ន្ធទូទាត់នេះ នឹងជួយកាត់បន្ថយពេលវាលា, ជួយពន្លឿនដំណើរការបញ្ជារទិញ និងប្រតិបត្តិការទូទាត់ជាមួយធនាគារ កាណាឌីយ៉ាបានយ៉ាងរហ័ស។
លោក Raymond Sia Say Guan នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានថ្លែងថា៖ «ធនាគារ កាណាឌីយ៉ា មានជំនឿយ៉ាងមុតមាំនៅក្នុងចិត្តជានិច្ចលើការបង្កើតភាពជាដៃគូជាមួយនឹងអតិថិជនរបស់យើង សម្រាប់ “ដំណោះស្រាយឈ្នះ ឈ្នះ”។ ធនាគារ កាណាឌីយ៉ា មានសេចក្តីសោមនស្សរីករាយនឹងការបង្កើតភាពជាដៃគូជាមួយក្រុមហ៊ុន ភីធីធី (ខេមបូឌា) លើដំណោះស្រាយការទូទាត់សម្រាប់អតិថិជន ជាដៃគូ និងជាតំណាងចែកចាយ។ កិច្ចព្រមព្រៀងនេះគឺជាសក្ខីភាពនៃ “ដំណោះស្រាយឈ្នះ ឈ្នះ” សម្រាប់ភាគីទាំងពីរ ហើយក៏តំណាងឲ្យកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូនៃស្ថាប័នឈានមុខទាំងពីរ លើទីផ្សារ ដែលនាំមកនូវអត្ថប្រយោជន៍ដល់អតិថិជនរបស់ធនាគារ ក៏ដូចជាដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ភីធីធី (ខេមបូឌា)»។
លោក Nuttapong Kaewtrakulpong ជាអគ្គនាយកគ្រប់គ្រងរបស់ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) បានថ្លែងថា៖ «យើងពិតជាមានសេចក្តីសោមនស្សរីករាយ ដែលបានធ្វើជាដៃគូសហការជាមួយធនាគារ កាណាឌីយ៉ា ហើយខ្ញុំសូមឆ្លៀតឱកាសនេះសំដែងនូវការអបអរសាទរទៅដល់គូភាគីយើងទាំងពីរ ចំពោះការដាក់ឲ្យដំណើរការ លើសេវាទូទាត់ Direct Debit តាមរយៈធនាគារ កាណាឌីយ៉ា នៅចុងឆ្នាំនេះប្រកបដោយជោគជ័យ។ នេះជាការចាប់ផ្តើមដ៏ល្អនៃភាពជាដៃគូរបស់យើង ហើយខ្ញុំរំពឹងថា យើងនឹងបន្តពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ដើម្បីធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍អតិថិជនឲ្យមានប្រសិទ្ធិភាព និង ភាពច្នៃប្រឌិត»។
សូមជម្រាបថា ធនាគារ កាណាឌីយ៉ា គឺជាធនាគារពាណិជ្ជក្នុងស្រុកឈានមុខគេ តាំងពីឆ្នាំ១៩៩១។ ធនាគារនេះ ត្រូវបានទទួលស្គាល់និងទទួលជ័យលាភីពី The Asian Banker ជា «ធនាគាររឹងមាំជាងគេផ្នែកតារាងតុល្យការនៅកម្ពុជា (Strongest Bank by Balance Sheet in Cambodia)» រយៈពេល ៣ ឆ្នាំជាប់ៗគ្នា និងជា «ធនាគារឆ្នើមជាងគេផ្នែកសេវាកម្មបុគ្គលនៅកម្ពុជា (Best Retail Bank in Cambodia)» សម្រាប់ឆ្នាំ២០២១ នេះ។
គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារកាណាឌីយ៉ា មានសាខាចំនួន៦៤ ម៉ាស៉ីនដកប្រាក់ (ATM) និងម៉ាស៉ីនដាក់ប្រាក់(CRM) ជាង ៣០០ គ្រឿង ទូទាំងប្រទេស ព្រមទាំងសេវាកម្មធនាគារទំនើបតាមទូរស័ព្ទដៃ (Mobile Banking) ដែលត្រូវបានប្រើប្រាស់ដោយអតិថិជនភាគច្រើនផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ www.canadiabank.com ឬ https://web.facebook.com/CanadiaBankCambodia ។
ចំណែកឯ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) ជាក្រុមហ៊ុនប្រេងឥន្ធនៈ មានមូលដ្ឋាននៅក្នុង ប្រទេសថៃ ដែលផ្គត់ផ្គង់ ចែកចាយ ទីផ្សារប្រេងឥន្ធនៈ និងផលិតផលដែលពាក់ព័ន្ធ។ បន្ថែមពីលើអាជីវកម្មប្រេងឥន្ធនៈនេះ អាជីវកម្មផ្សេងទៀតរបស់ ក្រុមហ៊ុន ភីធីធី (ខេមបូឌា) រួមមាន កាហ្វេ Amazon, Jiffy Mart, 7-Eleven Mart, Pearly Tea និង Fit Auto។
ជាមួយនឹងទស្សនៈវិស័យនៃ «ភាពប្រសើរឡើងសម្រាប់សហគមន៍ និងរបៀបរស់នៅរបស់ប្រជាជនកម្ពុជា» ក្រុមហ៊ុន ភីធីធី (ខេមបូឌា) នឹងខិតខំស្វែងរកនូវដំណោះស្រាយសម្រាប់សម្រួលដល់ប្រព័ន្ធបច្ចេកវិទ្យាទំនើបតាមច្រកចេញចូលតែមួយ ដើម្បីធ្វើឲ្យកាន់តែប្រសើរឡើងសំរាប់ជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា៕ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ៖ http://www.pttcambodia.com ឬ https://www.facebook.com/PttCambodiaLimited ៕