(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ បានផ្ដល់មួកសុវត្ថិភាពចំនួន ៥៥៥ មួក និងមានការចែករំលែកពីច្បាប់ចរាចរណ៍ផ្លូវគោក ដល់តំណាងសហគមន៍ខណ្ឌដ្កោរួមមាន អជ្ញាធរ មន្ត្រី លោកគ្រូ អ្នកគ្រូ នៃសាលាខណ្ខ អធិការដ្ឋានខណ្ឌ ការិយាល័យអប់រំ និងវិទ្យាល័យ ក្នុងខណ្ឌដង្កោ ដើម្បីលើកកម្ពស់ការស្រលាញ់សុវត្ថិភាពខ្លួនពេលធ្វើដំណើរនៅលើដងផ្លូវ ព្រោះថា «សុវត្ថិភាពអ្នក ចេញពីអ្នក»។
លោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ បានថ្លែងថា៖ «តំណាងឲ្យសាលាខណ្ឌដង្កោ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ ខ្មែរ ប៊ែវើរីជីស ដែលតែងតែជួយឧបត្ថម្ភដល់ខណ្ឌដង្កោកន្លងមក និងជាបន្តបន្ទាប់ តាមរូបភាពផ្សេងៗ ជាពិសេសដូចនៅក្នុងថ្ងៃនេះដោយបានផ្តល់មួកសុវត្ថិភាពចំនួន ៥៥៥មួក។ ការពាក់មួកសុវត្ថិភាពគឺសំខាន់ណាស់ ដើម្បីជួយការពារអាយុជីវិតនៅពេលចេញដំណើរ ព្រោះថាមួកមួយអាចជួយការពារជីវិតមួយ»។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណង លើកកម្ពស់ការយល់ដឹងពីការប្រើប្រាស់ចរាចរណ៍ផ្លូវគោកឲ្យបានត្រឹមត្រូវ និងដើម្បីផ្ដល់ជាសារទាក់ទងនឹងការអនុវត្តច្បាប់ចរាចរណ៍ដល់ពលរដ្ឋ និងសិស្សានុសិស្ស តាមរយៈអ្នកចូលរួមពីស្ថាប័នពាក់ពន្ធ័សំខាន់ៗទាំង ៣។
បន្ថែមពីនេះ នេះជាការចូលរួមជាចំណែកថ្មីមួយទៀត របស់ ខ្មែរ ប៊ែរវើរីជីស ជាមួយនឹងសហគមន៍ ដើម្បីបង្កើនស្មារតីទទួលខុសត្រូវលើសុវត្ថិភាពបើកបរផ្លូវគោក និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
ការពារជីវិតអ្នកដោយពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ គឺជាការបង្ហាញពីទំនួលខុសត្រូវរបស់អ្នកចំពោះខ្លួនឯង និងអ្នកបើកបរជុំវិញខ្លួនអ្នក៕