(ភ្នំពេញ)៖ ខណៈកម្មវិធីប្រកួតបវរកញ្ញាលំដាប់ពិភពលោក «Miss Universe» ឆ្នាំ២០២១ ទើបតែបញ្ចប់ដោយជោគជ័យ នៅពេលនេះស្ថាប័នបវរកញ្ញាចក្រវាឡកម្ពុជា បានបញ្ចេញមកុដសម្រាប់បវរកញ្ញាក្នុងឆ្នាំ២០២២ ដែលការរចនា និងលំនាំនៃមកុដនេះ គឺធ្វើតាមភាពអស្ចារ្យរបស់មកុដរបស់ព្រះនាងឥន្ទ្រទេវី ដែលបង្ហាញពីអំណាច និងកិត្យានុភាពរបស់នារីខ្មែរតាំងពីអតីតកាល និងបច្ចុប្បន្នកាល។

តាមផេកផ្លូវការរបស់ស្ថាប័ន បវរកញ្ញាចក្រវាឡកម្ពុជា បានបង្ហោះរូបមកុដ ភ្ជាប់ជាមួយសារយ៉ាងដូច្នេះថា «សម័យបុរាណ អរិយធម៌ខ្មែរដ៏អស្ចារ្យបាននាំមកនូវការអប់រំ សុខភាព ស្មារតី និងចំណេះដឹង ដល់មហាជនក្នុងសតវត្សទី១២ នៅអាស៊ីអាគ្នេយ៍។ មហាក្សត្រិយានីពីរអង្គ ដែលជាអគ្គមហេសី នៃព្រះបាទជ័យវរ្ម័នទី៧ បានដើរតួយ៉ាងសំខាន់ក្នុងការពង្រីក និងជោគជ័យរបស់មហានគរ។ ព្រះនាងឥន្ទ្រទេវី បានជះឥទ្ធិពលលើកិច្ចការរដ្ឋ តាមរយៈព្រះស្វមីរបស់ព្រះអង្គ ជាពិសេសចំពោះព្រះពុទ្ធសាសនា។ ព្រះនាងក៏ជាកវីនិពន្ធដ៏ សកម្ម និងជាសាស្រ្តាចារ្យផងដែរ»

ផេកផ្លូវការ Miss Universe Cambodia បានបន្តថា «សហស្សវត្សរ៍ថ្មីឥឡូវនេះ ក្នុងសម័យទំនើបនេះ យុវនារីកម្ពុជាត្រូវបានបំផុសគំនិត ផ្តល់អំណាច និងទទួលឥទ្ធិពលពីអរិយធម៌ពីអតីតកាល។ ដើម្បីអបអរសាទរភាពស្រស់ស្អាត ភាពទាក់ទាញ និងឆើតឆាយ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ ត្រូវបានរៀបចំឡើងដោយធ្វើតាមភាពអស្ចារ្យរបស់មកុដរបស់ព្រះនាងឥន្ទ្រទេវី ដែលបង្ហាញពីអំណាច និងកិត្យានុភាពរបស់នារីខ្មែរតាំងពីអតីតកាល និងបច្ចុប្បន្នកាល»

គួរជម្រាបថា ការប្រកួតបវរកញ្ញា ជាពិសស គឺកម្មវិធី «Miss Universe Cambodia» ត្រូវបានមហាជនមើលឃើញថា ចំពោះអ្នកដែលស័ក្តិសមក្នុងការ គ្រងមកុដ គឺមិនត្រឹមតែមានសម្រស់ស្រស់សោភាជានារីខ្មែរប៉ុណ្ណោះទេ គឺមានការបូកបញ្ចូលនូវ សីលធម៌ ចំណេះដឹងទូទៅបានទូលំទូលាយ និងអាចនិយាយភាសាបរទេសបានយ៉ាងល្អផងដែរ។ បវរកញ្ញាដែលគ្រងមកុដពីកម្មវិធីបវរកញ្ញានេះ គឺនឹងធ្វើជាបវរកញ្ញាតំណាងប្រទេសកម្ពុជា ទៅប្រកួតលើឆាកអន្តរជាតិ ជាមួយបវរកញ្ញាមកពីបណ្តាប្រទេសជិត១០០ នៅជុំវិញពិភពលោក៕