(អាមេរិក)៖ នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រោងចក្រផលិតរថយន្តថ្មីនៅទីក្រុង Austin រដ្ឋតិចសាស់ នឹងទទួលបានការវិនិយោគលើសពី ១០ពាន់លានដុល្លារអាមេរិកក្នុងរយៈពេលខ្លីមួយ។ នេះបើយោងតាមការចេញផ្សាយ របស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។
រោងចក្រថ្មីនេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ ហើយអាចនឹងដំណើរការបាននៅដើមឆ្នាំក្រោយ ខណ:ដែលនឹងផ្ដល់ ឱកាសការងារដោយផ្ទាល់ប្រមាណ ២០,០០០នាក់ និងដោយប្រយោល ១០០,០០០នាក់ ហើយបើតាមការបញ្ជាក់ពីអាជ្ញាធរគឺ រោងចក្រថ្មី នេះ ក៏អាចនឹងទទួលបានការកាត់បន្ថយពន្ធក្នុងស្រុកប្រមាណជា ៦៥លានដុល្លារអាមេរិក។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សរបស់អាមេរិកមួយនេះក៏ធ្លាប់ប្រកាសឱ្យដឹងផងដែរថា ការសាងសង់រោងចក្រថ្មីនេះគឺចំណាយ ថវិកាអស់ ប្រមាណជា ១ពាន់លានដុល្លារអាមេរិក ហើយវានឹងក្លាយជារោងចក្រមួយដ៏សំខាន់សម្រាប់ផលិត និងផ្គត់ផ្គង់ទីផ្សាររថយន្តអគ្គិសនី នៅ សហរដ្ឋអាមេរិក និងអឺរ៉ុប៕