(អាមេរិក)៖ តារាចម្រៀងវ័យក្មេងរបស់អាមេរិក Billie Eilish តាមរយៈបង្ហាញវត្តមានក្នុងកម្មវិធី «The Howard Stern Show» ថ្មីៗនេះ បានទម្លាយថា នាងចាប់ផ្តើមចេះមើលរឿងអាសអាភាស តាំងពីអាយុ១១ឆ្នាំមកម្ល៉េះ។ នាងទម្លាយអាថ៌កំបាំងបែបនេះ នៅពេលនាងឈានចូលដល់វ័យ២០ឆ្នាំ ក្នុងឆ្នាំនេះ ព្រមទាំងបានបង្ហើបថា នាងមើលរឿងនេះ មុនពេលរួមភេទ ហើយបានជះផលអវិជ្ជមានជាច្រើន ដល់ទំនាក់ទំនងនាងនឹងដៃគូ។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Insider នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងបទសម្ភាសន៍ខាងលើ តារាចម្រៀងវ័យក្មេងម្ចាស់ពានរង្វាន់ Grammy Awards រូបនេះបាននិយាយថា «ពីរបីដងដំបូងៗ នៅពេលខ្ញុំរួមភេទ ខ្ញុំមិនធ្លាប់បដិសេធនូវអ្វីមិនល្អនោះទេ ព្រោះតែខ្ញុំគិតថា នោះគឺជាអ្វីដែលខ្ញុំត្រូវធ្វើ និងទាក់ទាញ...»

Eilish ក៏បានបន្ថែមថា ការដែលមើលរឿងអាសអាភាស ធ្វើឲ្យនាងមានភាពភ័យខ្លាចនៅពេលយប់ និងគេងមិនលក់ ថែមទាំងហៅរឿងបែបនេះថា «ជារឿងដែលអាម៉ាស់» បំផុត។ នាងនិយាយថា «ខ្ញុំពិតជាខឹងយ៉ាងខ្លាំង ពេលគ្រប់គ្នាចូលចិត្តមើលវា ហើយខ្ញុំខឹងខ្លួនគិតថារឿងនេះមិនអីទេ»

ពាក់ព័ន្ធនឹងរឿងរ៉ាវរបស់តារាចម្រៀង Billie Eilish នៅពេលនេះ ងាកមកអ្នកជំនាញផ្នែកផ្លូវភេទ បានប្រាប់ Insider ថា មនុស្សពេញវ័យគួរតែមានចំណេះដឹងផ្លូវភេទ ប៉ុន្តែជារឿងមួយដែលមិនគួរ គឺចំពោះក្មេងៗ ព្រោះថា វ័យនេះមិនទាន់ត្រូវទទួលយកចំណេះដឹងនេះឡើយ។

គួរជម្រាបថា តារាចម្រៀង Billie Eilish បានជាប់ឈ្មោះថា បានឈានចូលវ័យ២០ឆ្នាំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះ។ តារាស្រីរូបនេះ មានភាពជោគជ័យយ៉ាងខ្លាំង ក្នុងការងារសិល្បៈរបស់នាង ពោលគឺបានឈ្នះពានរង្វាន់ហ្គ្រេមមីចំនួន៧ពានរង្វាន់ ដោយនាងបានក្លាយជាបុគ្គលក្មេងជាងគេក្នុងប្រវត្តិសាស្ត្រ ដែលអាចឈ្នះពានហ្គ្រេមមីធំទាំងបួនក្នុងឆ្នាំតែមួយ ពេលនាងទើបមានវ័យ១៨ឆ្នាំ។ តារាស្រីរូបនេះ ត្រូវបានស្ថាប័នព័ត៌មានធំៗ ចាប់អារម្មណ៍ជាខ្លាំង រហូតអញ្ជើញឲ្យចូលរួម ក្រោមប្រធានបទនានាផងដែរ៕