(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅព្រឹកថ្ងៃសុក្រនេះ បានដឹកនាំប្រតិភូចុះត្រួតពិនិត្យ ការហាត់សមថ្ងៃចុងក្រោយរបស់ក្រុមសិល្បៈ និងក្រុមកីឡាករ-កីឡាការិនី ដើម្បីត្រៀមអបអរសាទរពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការវិមានពហុកីឡដ្ឋានជាតិមរតកតេជោ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ពិធីសម្ពោធសមិទ្ធផលជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជានេះ នឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែធ្នូស្អែក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូចចិនប្រចាំនៅកម្ពុជា ជាមួយនឹងការអនុញ្ញាតឲ្យមានអ្នកចូលរួមចំនួន ១៥,០០០នាក់ទៀតផង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការខិតខំហ្វឹកហាត់រយៈពេល ២សប្ដាហ៍កន្លងមក រហូតដល់ការហាត់សមថ្ងៃចុងក្រោយ គឺសម្រេចបានប្រមាណ ៩០% គ្រប់ការសម្ដែង និងទស្សនីយភាពនីមួយៗ។ ចំណែកនៅខ្វះខាតបន្ដិចបន្ដួច លោករដ្ឋមន្ដ្រី ថោង ខុន បានធ្វើការចង្អុលបង្ហាញ និងកែតម្រូវ ហើយរំពឹងថា នឹងធ្វើបានល្អប្រសើរនាថ្ងៃស្អែកនេះ។

ថ្នាក់ដឹកនាំ CAMSOC បានកោតសរសើរ ចំពោះស្មារតី និងការយកចិត្តទុកដាក់របស់ក្រុមនីមួយៗ ដែលខំប្រឹងអស់ពីចិត្ដ ទាំងការហ្វឹកហាត់ និងការតាក់តែង ដែលមានអ្នកចូលរួមរាប់រយនាក់ ជាមួយលោកគ្រូ-អ្នកគ្រូផ្នែកសិល្បៈ និងគ្រូរៀបចំផែនការកីឡា រួមទាំងក្រុមកីឡាគុនល្បុក្កតោ ដើម្បីត្រៀមអបអរសាទរពិធីសម្ពោធសមិទ្ធផលដ៏មហិមា និងពិធីរាប់ថយក្រោយ ៥០២ថ្ងៃ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

គួរដឹងថា ព្រឹត្តិការណ៍ថ្ងៃទី១៨-ធ្នូ នៅពហុកីឡដ្ឋានជាតិមរតកតេជោស្អែកនេះ ត្រូវបានចាត់ទុកជាកំណត់ត្រាថ្មីមួយទៀត ដែលត្រូវកត់ត្រាទុកក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រលើកដំបូងនៅកម្ពុជា នាឆ្នាំ២០២៣។ ប៉ុន្ដែមុនឈានដល់កម្មវិធីផ្លូវការ នៅល្ងាចថ្ងៃសុក្រនេះ ក៏នឹងមានរៀបចំពិធីក្រុងពាលីសុំសេចក្ដីសុខ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ដែលនឹងមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនផងដែរ៕